រាជធានីភ្នំពេញនៅតែមានទីផ្សារទូលាយសម្រាប់ការវិនិយោគលើមណ្ឌលផ្សារទំនើប

ភ្នំពេញ៖ ទោះបីនៅរាជធានីភ្នំពេញមានផ្សារទំនើបមួយចំនួនបានបិទ ក៏ប៉ុន្តែក៏មានវត្តមានផ្សារទំនើបជាបន្តបន្ទាប់ ក្នុងនោះអ្នកជំនាញបានអះអាងពីភាពវិជ្ជមាននៃការវិនិយោគលើមណ្ឌលផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដោយសារមើលឃើញពីទីផ្សារធំទូលាយនិងកំណើននៃនគរូបនីយកម្មយ៉ាងឆាប់រហ័ស។
លោក Michael Vong នាយកគ្រប់គ្រងផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល តាមរយៈក្រសួងព័ត៌មានបានបញ្ជាក់ថា បច្ចុប្បន្នការលក់ដូរទំនិញនៅផ្សារទំនើបមានត្រឹមតែប្រមាណ ៣០ភាគរយប៉ុណ្ណោះ ខណៈដែលការលក់រាយនៅតាមផ្សារធម្មតាមានរហូតដល់ ៧០ភាគរយ ដែលនេះផ្ដល់ឱកាសច្រើនក្នុងការវិនិយោគក្នុងវិស័យផ្សារទំនើប។
លោកបានបញ្ជាក់ថា៖ «យើងនៅមានឱកាសច្រើន ដើម្បីអភិវឌ្ឍវិស័យនេះ ហើយយើងត្រូវធ្វើយ៉ាងមិចឱ្យអត្រាភាគរយនៃការលក់ដូរក្នុងផ្សារទំនើបនេះកើនឡើង»។
លោក Michael Vong ក៏បានសង្កេតឃើញថា អត្រានគរូបនីយកម្មរបស់ប្រទេសកម្ពុជាកើនឡើងប្រហែល ២០ភាគរយជារៀងរាល់ឆ្នាំដោយមានមនុស្សជាច្រើនបានផ្លាស់ប្ដូរមករស់នៅទីក្រុង ដែលធ្វើឱ្យរាជធានីភ្នំពេញរីកធំទៅៗ ជាពិសេសប្រជាពលរដ្ឋជំនាន់ថ្មីដែលកំពុងតែកើនឡើង។
បើតាមការព្យាករណ៍របស់អ្នកជំនាញកន្លងមកថាមជ្ឈមណ្ឌលទិញទំនិញ និងផ្សារទំនើប នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មលក់រាយរបស់កម្ពុជានាពេលអនាគត ហើយនគរូបនីយកម្មទីផ្សារដែលកើនឡើងយ៉ាងលឿននេះកំពុងជម្រុញឲ្យមានតម្រូវការមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបខ្នាតធំ៕
((ផ្សារទំនើប ជីប ម៉ុង រីថែល)
(ផ្សារទំនើប Parkson Mall)
(ផ្សារទំនើប សុវណ្ណា)
(ផ្សារទំនើប អូឡាំព្យារ)
(ផ្សារទំនើប Aeon Mall I)