ក្រសួងប្រៃសណីយ៍នឹងដាក់ដំណើការកម្មវិធីទូរស័ព្ទដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកស្រាវជ្រាវ និងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) ដើម្បីត្រៀមដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩។
យោងតាមក្រសួងប្រៃសណីយ៍ កិច្ចប្រជុំខាងលើបានធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងពិនិត្យ និងដាក់ឱ្យដំណើការកម្មវិធីទូរស័ព្ទចំនួន២ និងម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន១ប្រភេទដើម្បីជាជំនួយបន្ថែមក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដូចជា៖
១.កម្មវិធី OpenTraceKH ប្រើសម្រាប់ស្វែងរកបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នករកឃើញថាមានជំងឺកូវីដ១៩។ កម្មវិធីនេះអាចតាមដានទំនាក់ទំនងក្នុងសហគមន៍ដោយប្រើ Bluetooth ជាគោល ហើយធ្វើការកត់ត្រាបុគ្គលដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។
២.កម្មវិធីទូរស័ព្ទ (Self Quarantine)ដើម្បីកំណត់ និងរាយការណ៍ពីស្ថានភាពសុខភាពរបស់បុគ្គលដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ឬសម្រាប់គ្រប់គ្រងអ្នកជំងឺ។
៣.ម៉ាស៊ីនជំនួយផ្លូវដង្ហើម ផ្គត់ផ្គង់អ៊ុកស៊ីសែនខ្នាតតូច អាចប្រើជាជំនួយដល់ការដកដង្ហើមរបស់អ្នកជំងឺជាពិសេសសម្រាប់មន្ទីពេទ្យនៅជនបទ ឬទីតាំងគ្មានអ៊ុកស៊ីសែនគ្រប់គ្រាន់។
លោក ជា វ៉ាន់ដេត បានចាត់ក្រុមអ្នកជំនាញឱ្យបន្តការងារជាមួយក្រសួងសុខាភិបាល ដើម្បីបន្តនីតិវិធីដាក់ឱ្យដំណើការកម្មវិធីខាងលើក្នុងពេលឆាប់ៗ ខាងមុខ។ លោក ជា វ៉ាន់ដេត បានសម្តែងនូវការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកស្រាវជ្រាវ និងថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ ១៩៕