កូរ៉េគ្រោងចំណាយ ៧ លានដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី កម្ពុជា-កូរ៉េ
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ (Republic of Korea) ឬកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងចំណាយថវិការប្រមាណ ៧ លានដុល្លារអាមេរិក សម្រាប់ការសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយខ្នង ដែលដាក់ឈ្មោះថា CKIC ដើម្បីគាំទ្រការបណ្ដុះបណ្ដាល និងពង្រឹងការប្រកួតប្រជែងក្នុងវិស័យធុរកិច្ចជំនាន់ថ្មី។
ពិធីចុះហត្ថលេខាមួយស្ដីអំពី អនុសារណៈយោគយល់គ្នា បានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ រវាង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី ប៊ែក ស៊ុកហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
នៅក្នុងពិធីនោះ លោក ហង់ ជួនណារ៉ុន បានអោយដឹងថា ភាគីកូរ៉េ មានគម្រោងសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយ ដោយចំណាយទឹកប្រាក់ប្រមាណ ៧ លានដុល្លារអាមេរិក ស្ថិតនៅបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជួយលើកកម្ពស់ការស្រាវជ្រាវវិស័យធុរកិច្ច។ ជាពិសេសមជ្ឈមណ្ឌលនេះ ជាគោលដៅបង្កើតគំនិតថ្មីៗ និងលើកកម្ពស់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងគំនិតអាជីវកម្មថ្មីៗបន្ថែមទៀត ដើម្បីជំរុញឲ្យយុវជនកម្ពុជា មានជំនាញត្រឹមត្រូវ ច្បាស់លាស់ ដែលអាចឲ្យពួកគេ មានការងារល្អធ្វើ និងលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លុយ ៧ លានដុល្លារ នេះគឺ បូករួមទាំងឧបករណ៍ និង បរិក្ខា សំភារៈនានានៅក្នុងអគារនោះទាំងអស់ផងដែរ (KOICA) ហើយភាគីកូរ៉េ កំពុងសិក្សាគម្រោងបន្ថែមទៀត ដើម្បីធ្វើឲ្យមានភាពសម្បូបែបទៅលើកម្លាំងពលកម្ម ការងារឧស្សហកម្ម សម្រាប់យុវជនកម្ពុជា។
ជាមួយគ្នានេះដែរ លោកស្រី ប៊ែក ស៊ុកហ៊ី អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានថ្លែងថា គម្រោងនេះ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតប្រព័ន្ធអេកូ និងពង្រីកបណ្តាញទីផ្សារនៅកម្ពុជា ក្នុងការជំរុញ ឬគាំទ្រប្រឹក្សា ការបង្កើតក្រុមហ៊ុនថ្មីៗបន្ថែមទៀត។
លោកស្រីបន្តថា មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី កម្ពុជា-កូរ៉េ (CKIC) នឹងគាំទ្រការកសាងសមត្ថភាព សម្រាប់ប្រតិបត្តិការ ពង្រឹងការប្រកួតប្រជែងផ្នែកធុរកិច្ចថ្មីៗ និងរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ % សម្រាប់កម្ពុជា។
លោកស្រីបញ្ជាក់ថា គម្រោងនេះ នៅមិនទាន់ដឹងពីទំហំអគារច្បាស់នៅឡើយទេ តែវានឹងបង្កើតការងារ ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈ ក្នុងវិស័យឧស្សាហកម្ម ខណៈដែល KOICA រួមចំណែកក្នុងការផ្សារភ្ជាប់គម្លាតរវាងសមត្ថភាពសិក្សា និង តម្រូវការទីផ្សារ ដើម្បីលើកកម្ពស់ឧស្សាហ៍កម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា៕
អត្ថបទដោយ:
Koemsoeun