វិស័យវិស្វកម្មនៅកម្ពុជាកំពុងរីកដុះដាលខ្លាំង តែខ្វះធនធានមនុស្ស

វិស័យវិស្វកម្មនៅកម្ពុជាកំពុងរីកដុះដាលខ្លាំង តែខ្វះធនធានមនុស្ស
ភ្នំពេញ: វិស័​យ​​វិស្វកម្ម​នៅ​ប្រទេស​កម្ពុជា​កំពុង​រីកដុះដាល​​យ៉ាងខ្លាំង។ ការរីកដុះដាលនេះ មានការងារជាច្រើន​សម្រាប់​មនុស្សដែល​មាន​សម​ត្ថ​ភាព ប៉ុន្ដែ​បច្ចុប្បន្ន​វិស័យនេះកម្ពុជា​កំពុងខ្វះ​ខាត​ផ្នែក​ធនធានមនុស្សទៅវិញ។ ការនេះ តម្រូវឪ្យមានច្បាប់​គ្រប់​គ្រងឪ្យបាន​​ត្រឹមត្រូវ។ នេះជាការលើកឡើងដោយបណ្ឌិត លឹម សុខ​តៃ សាស្ត្រាចារ្យ​ស្ថាបត្យករ និង​​វិ​ស្វកម្ម និង​ជា​ព្រឹទ្ធបុរស​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន។ លោកបណ្ឌិត លឹម សុខ​តៃ បាន​ប្រាប់អ្នកយកព័ត៌មាន KHB Media ថា វិស័យ​វិស្វកម្ម​នៅ​ប្រទេស​កម្ពុជា​នាពេលនេះ កំពុង​ហក់​ឡើង​ខ្លាំង​ស្ទើ​តែ​គ្រប់​វិស័យទៅហើយ បូក​រួម​​ទាំង​សំណង់ និង​អ្នក​គូស​ប្លង់ ហើយការងារ​ទាំងនេះ​កំពុង​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់សម្រាប់ធ្វើ។ លោក​បន្តថា ​ធនធានមនុស្ស​ក្នុងផ្នែកវិស្វកម្មនៅកម្ពុជានៅ​ខ្សោយ​នៅឡើយ«ខ្ញុំ​ប្រាប់ថា ធនធានមនុស្ស​យើងនៅ​ខ្សោយ​ខ្លាំងណាស់ គឺ​យើង​មិនអាច​បណ្ដុះបណ្ដាល១០០នាក់ ចេញមក​មាន​សមត្ថភាព​ទាំង១០០ទេ ព្រោះ​មាន​អ្នកខ្លះ​បរាជ័យ​កណ្ដាលផ្លូវ អ្នកខ្លះ​បាន​រៀន​ចប់ ឬ​ប្រឡង​ជាប់​ចេញមក គឺ​ក្អេងក្អាង ឬ​ហៅថា ច​រិ​ក​គាត់​មិនសូវ​ចុះ​សម្រុង​ជាមួយ​មិត្ត​រួម​ការងារ​ដទៃទៀត គឺ​គាត់​អួត​ហ្មង»។   សាស្ដ្រាចារ្យ​រូបនេះ​បាន​បន្ថែមថា ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស្វកម្ម​ក៏​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយដែរ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់​គិតគូរ​ពី​បញ្ហា​នេះ ព្រោះ​ត្រូវ​ចៀសវាង​ការ​គូស​ប្លង់​មិន​ត្រឹមត្រូវ គ្មាន​ស្ដង់ដា គ្មាន​សុវត្ថិភាព ហើយ​វា​ក៏​មិនមែនមនុស្សគ្រប់រូបក៏​អាច​គូស​ប្លង់ ឬ​សាងសង់​បាន​នោះទេ។ «យើង​គួរ​ពង្រឹង​ផ្នែក​ច្បាប់​នេះ ព្រោះ​ប្រសិនបើ​មាន​បញ្ហា​នៅ​អគារ​ណាមួយ តើ​ភាគី​ណាខ្លះ​ដែល​ពាក់ព័ន្ធ ហើយ​​ត្រូវ​ចេញមុខ​ដោះស្រាយ មិនមែន​អ្នកនេះ​ច​ង្អុ​យ​ដាក់​អ្នក​នោះទេ។ ដូច្នេះ យើង​ត្រូវតែ​មានច្បាប់​ឲ្យ​បាន​ត្រឹមត្រូវគឺ​អ្នកត្រួតពិនិត្យ​ដី អ្នក​គូស​ប្លង់ និង​អ្នក​សាងសង់ ត្រូវតែ​ចូលរួម​ទាំងអស់គ្នា»៕          
អត្ថបទដោយ: Koemsoeun