ទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅធំទូលាយសម្រាប់ការវិនិយោគ

ទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅធំទូលាយសម្រាប់ការវិនិយោគ

ភ្នំពេញ៖ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានប្រាប់អ្នកយកព័ត៌មាន KHB Media ឱ្យដឹងថា កម្ពុជានៅមានទីផ្សារធំទូលាយនៅឡើយសម្រាប់ការវិនិយោគក្នុងឧស្សាហកម្មធានារ៉ាប់រង ខណៈបុព្វលាភដុលមានទំហំជាង ១៩៦​ លានដុល្លារ ដែលស្មើនឹង ១% បើធៀបនឹង ផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រជាជនដែលមានទំហំរហូតដល់ ២៥ ពាន់លានដុល្លារ។

លោក ហ៊ុយ វ៉ាថារ៉ូ បានឱ្យដឹងថា បើគិតត្រឹមបំណាច់ឆមាសទី២ ឆ្នាំ២០១៨ បុព្វលាភដុលធានារ៉ាប់រងនៅកម្ពុជា បានកើនឡើងប្រមាណ ២៥% ដោយក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅ មានទំហំ ៨៦,៧ លានដុល្លារ កើនឡើង ១៥%។ បុព្វលាភធានារ៉ាប់រងអាយុជីវិតមានទំហំ ១០០ លានដុល្លារ កើនឡើង ៤៣,៥% និងបុព្វលាភធានារ៉ាប់រងខ្នាតតូច មានទំហំ ៩ លានដុល្លារ ដែលកើនឡើងប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ លោកបញ្ជាក់ថា ការកើនឡើងនៃបុព្វលាភដុលក្នុងឧស្សាហកម្មនេះ ដោយសារកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ​ ដែលមានកំនើនជាមធ្យម ៧% ក្នុងមួយឆ្នាំ និងកំនើន GDP របស់ពលរដ្ឋម្នាក់ៗ បានកើនឡើងដល់ប្រមាណ ១.៥០០ ដុល្លារ ក្នុង១ឆ្នាំ និង កំនើននៃការវិនិយោគពីវិស័យឯកជនផ្សេងៗដែលធ្វើឱ្យតម្រូវការផ្នែកនេះមានការ​កើនឡើងផងដែរ។

 

ជាមួយគ្នានេះដែរ លោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីបើកដំណើរការ ក្រុមហ៊ុនធានារ៉ាប់រង BangkokLife នៅឆ្នាំ ២០១៨ ថា ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានការកើនឡើងនៅក្នុងរយៈពេល ៧ ឆ្នាំ ចុងក្រោយនេះ ហើយបុព្វលាភដុលក៏បានកើនឡើងផងដែរពី ៣០ ​លានដុល្លារ កាលពីឆ្នាំ ២០១១ ដល់ ១៩៦ លានដុល្លារ នៅចុងឆ្នាំ ២០១៨។

តាមការឱ្យដឹងពី ប្រធានសមាគមធានារ៉ាប់រងកម្ពុជាថា បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា មានចំនួន ៣០ ដែលចែកចេញជាបីប្រភេទគឺ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមាន ១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមាន ៩ និង ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមានចំនួន ៨ ក្រុមហ៊ុន៕  
អត្ថបទដោយ: Sereyrath