បន្ទប់មានលំហតូច អាចធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវល្អ ឬធុញថប់ជាដើម។ ដូចនេះ អ្នកគួរធ្វើបន្ទប់ឲ្យទូលាយល្មមដើម្បីកុំឲ្យជួបបញ្ហានេះ ប៉ុន្ដែអ្នកក៏អាចរៀបចំបន្ទប់ដ៏តូចរបស់អ្នក ឲ្យមើលទៅទូលាយបានដែរ ដោយប្រើវិធីទាំង៥យ៉ាងនេះ៖
១.លាបបន្ទប់ដោយពណ៌ភ្លឺៗ


ជាទូទៅពណ៌ដែលភ្លឺៗ អាចជួយឲ្យយើងមើលបន្ទប់ឃើញទូលាយ និងស្រឡះជាងមុន ព្រោះវាអាចបង្កើតចំណាំងផ្លាតនិងពន្លឺធម្មជាតិ ដែលផ្ទុយពីពណ៌ស្រអាប់ៗ។ បើបន្ទប់អ្នកតូចអ្នកគួរលាបពណ៌ ស ខៀវ និងព័ណ៍បៃតងខ្ចី ជាដើម។ ក្រៅពីនោះ ត្រូវលាបពិដានដោយពណ៌ភ្លឺ និងរលោងជាងជញ្ជាំងផងដែរ។ ការធ្វើបែបនេះអាចជួយឲ្យបន្ទប់មើលទៅកាន់តែទូលាយថែមទៀត។
២.រៀបចំពន្លឺឲ្យបានគ្រប់គ្រាន់

ពន្លឺជាគន្លឹះសំខាន់ក្នុងការធ្វើឲ្យបន្ទប់របស់អ្នកមានលំហកាន់តែទូលាយជាពិសេសពន្លឺព្រះអាទិត្យ។ ដូច្នេះ អ្នកត្រូវរៀបចំបង្អួចឲ្យធំល្មមដើម្បីអាចឲ្យពន្លឺចូលពីខាងក្រៅបានគ្រប់គ្រាន់។ នៅក្បែរបង្អូចអ្នកអាចដាក់ផ្កា ឬរុក្ខជាតិដើម្បីជួយកាត់បន្ថយពន្លឺ ប្រសិនបើវាចាំងពេក។ ប្រសិនបើបន្ទប់អ្នកមិនមានពន្លឺធម្មជាតិ អ្នកក៏អាចច្នៃអំពូលដែលអាចផ្ដល់ពន្លឺដូចធម្មជាតិដើម្បីបំភ្លឺបន្ទប់ក៏បានដែរ។
៣.ប្រើកញ្ចក់

កញ្ចក់ជាវិធីល្អបំផុត ដែលជួយឲ្យបន្ទប់អ្នកមើលទៅទូលាយជាងមុន ព្រោះវាអាចជួយផ្ដល់រូបភាពទ្វេជាពីរទៅបន្ទប់។ មិនថាបន្ទប់ទទួលភ្ញៀវ ឬបន្ទប់គេងទេ អ្នកអាចប្រើកញ្ចក់ធំព្យូរជាប់នឹងជញ្ជាំងដើម្បីឲ្យវាជួយផ្ដល់រូបភាពទាំងមូលនៃបន្ទប់នោះ និងជួយចាំងពន្លឺបន្ថែមដែលអាចឲ្យបន្ទប់មើលទៅកាន់តែទូលាយ។
៤.កាត់បន្ថយសម្ភារៈតុបតែង
បើបន្ទប់អ្នកតូច កុំព្យាយាមតាំងលម្អគ្រឿងសង្ហារឹមច្រើនពេក ព្រោះវាធ្វើឲ្យបន្ទប់កាន់តែរញ៉េរញ៉ៃទៅវិញ។ ម្យ៉ាងវិញទៀតកុំបិទរូបភាពនៅនឹងជញ្ជាំងច្រើនពេក គួរតែទុកវាឲ្យស្រឡះ ឬដាក់ផ្ទាំងគំនូរធំមួយល្អជាង។ គួរដាក់គ្រឿងសង្ហារឹមឲ្យមានរបៀបនិងសណ្ដាប់ធ្នាប់ទៅតាមកន្លែងត្រឹមត្រូវ ហើយត្រូវរក្សាគម្លាតរបស់វាឲ្យបានសមរម្យ។
៥.កាត់បន្ថយទំហំ និងចំនួនគ្រឿងសង្ហារឹម

ករណីបន្ទប់មានទំហំតូចអ្នកអាចទិញគ្រឿងសង្ហារឹមដែលមានទំហំតូចល្មមសមនឹងបន្ទប់ ឬទិញគ្រឿងសង្ហារឹមណាដែលមានមុខងារច្រើនយ៉ាង ដូចជា តុ សាឡុង ឬគ្រែដែលអាចដាក់របស់របរផ្សេងៗបាន។ គ្រឿងសង្ហារឹមធំៗ គួររំកិលវាដាក់ជាប់ជញ្ជាំងដើម្បីឲ្យមានលំហំទូលាយជាងមុន។ ការជ្រើសរើស តុ ទូ កៅ ដែលអាចបត់ទុកបាន និងការប្រើ តុ កញ្ចក់ក៏អាចធ្វើឲ្បន្ទប់កាន់តែជួយរក្សាលំហំកាន់តែទូលាយផងដែរ៕