ខេត្តព្រះសីហនុគ្រោងសាងសង់ផែទេសចរណ៍ស្តង់ដារ២កន្លែងទៀតឆ្លើយតបនឹងកំនើនភ្ញៀវ

ខេត្តព្រះសីហនុគ្រោងសាងសង់ផែទេសចរណ៍ស្តង់ដារ២កន្លែងទៀតឆ្លើយតបនឹងកំនើនភ្ញៀវ
ភ្នំពេញ៖ ខេត្តព្រះសីហនុគ្រោងនឹងសាងសង់ផែទេសចរណ៍ស្តង់ដារកម្រិតខ្ពស់ចំនួនពីរកន្លែងផ្សេងទៀត ដើម្បីរៀបចំសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅលេងតាមបណ្តាកោះឱ្យបានល្អប្រសើរជាងមុន​។ គម្រោងនេះ ស្របពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងមានកំនើនជាបន្តបន្ទាប់។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់អ្នកយព័ត៌មាន KHB Media កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ថា ខេត្តព្រះសីហនុមានសក្តា​នុពលខ្លាំងសម្រាប់ភ្ញៀវទេសចរ ដោយសារខេត្តជាប់សមុទ្រមួយនេះមានភាពទាក់ទាញច្រើន ដូចជា ឆ្នេរល្អ បរិស្ថានល្អ និងបរិយាកាសល្អ ប្រជាពលរដ្ឋមានការរួសរាយរាក់ទាក់។ ជាងនេះទៅទៀតភ្ញៀវទេសចរអាចទៅលេងកម្សាន្តតាមកោះភ្លក់រសជាតិម្ហូបសមុទ្រដ៏ឈ្ងុយឆ្ងាញ់នៅទីនោះផងដែរ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចុះមុជទឹកកម្សាន្តមើលផ្កាថ្ម មើលត្រី និងជិះម៉ូតូទឹកលេងយ៉ាងសប្បាយរីករាយ។ ឆ្លើយតបនឹង​កំនើនភ្ញៀវ​កើនឡើងយ៉ាងគំហុកនេះ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា៖ «ឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍នឹងធ្វើផែស្ដង់ដារទេសចរណ៍ចំនួន២បន្ថែមទៀត ដើម្បីពង្រឹង​ស្ដង់ដារសុវតិ្ថភាព និងការដឹកជញ្ជូនភ្ញៀវប្រកបដោយសុវត្ថិភាព»។ ជាមួយគ្នានេះ មន្ទីទេសចរណ៍ខេត្តព្រះសីហនុ នឹងបង្កើតកន្លែងវាយបាល់ទះ បង្កើតព្រឹត្តិ​ការណ៍​កម្សាន្តនៅតាមបណ្ដាកោះ និងនៅតាមបណ្តោយឆ្នេរអូរឈើទាលយ៉ាងហោចណាស់ក៏ម្តងដែរក្នុងមួយខែ ដើម្បីទាក់ទាញភ្ញៀវឱ្យស្នាក់នៅយូរថ្ងៃក្នុងខេត្តព្រះសីហនុ។ យោងតាមការអោយដឹងពី លោក តាំង សុចិត្តគ្រឹស្នា ថា ភ្ញៀវលំដាប់ខ្ពស់ដែលទៅលេងតាមកោះអាចស្នាក់នៅសណ្ឋាគារផ្កាយ៤ ឬផ្កាយ៥ នៅខេត្តព្រះសីហនុ មិនភ័យពិបាករកកន្លែងស្នាក់នៅដូចពីមុនទៀតទេ។ ពាក់ព័ន្ធការអភិវឌ្ឍន៍វិស័យទេចរណ៍នេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានអំពាវនាវឱ្យអ្នកវិនិយោគិនទាំងជាតិ និងអន្តរជាតិសម្លឹងមើលសក្តានុពលដែលអំណោយផលពីធម្មជាតិនៅខេត្តព្រះសីហនុ ដូចជាឆ្នេរ កោះ និងបរិស្ថានល្អជាដើម។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជំនួបជាមួយប្រតិភូទីក្រុង WU XI របស់ចិននៅសាលាខេត្តព្រះសីហនុ លោក យន្ត មីន  បានស្នើទៅអ្នកវិនិយោគចិនឱ្យបន្តមកវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត ព្រោះខេត្តជាប់សមុទ្រមួយនេះមានកោះចំនួន ៣២ មានឆ្នេរស្អាតសំបូរទៅដោយផ្កាថ្ម ជីវៈចម្រុះបាតសមុទ្រជាច្រើនប្រភេទ៕
អត្ថបទដោយ: Sereyrath