សហគ្រិនវ័យក្មេងកម្ពុជាមួយក្រុមស្វែងរកការវិនិយោគវិស័យអចលនទ្រព្យនៅឡាវ

សហគ្រិនវ័យក្មេងកម្ពុជាមួយក្រុមស្វែងរកការវិនិយោគវិស័យអចលនទ្រព្យនៅឡាវ
ភ្នំពេញ: ក្រុមហ៊ុន Khmer Foundation Investment Group (KFIG) ដែលសុទ្ឋតែជា សហគ្រិនវ័យក្មេងកម្ពុជាមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូននៅប្រទេសឡាវ។ ការស្វែងរកបណ្តាក់ទុនវិនិយោគនៅក្រៅប្រទេសរបស់ក្រុមសហគ្រិនវ័យក្មេងកម្ពុជានេះ តាមរយ:ដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសឡាវចំនួន៣ថ្ងៃ បន្ទាប់ពីពួកគេទទួលបានជោគជ័យលើមុខជំនួញនៅក្នុងប្រទេសកម្ពុជា។ នេះដោយយោងតាមការអោយពីលោកបណ្ឌិត តែម សារុំ អគ្គនាយកក្រុមហ៊ុន KFIG ប្រាប់អ្នកយកព័ត៌មាន KHB Media នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ លោកបណ្ឌិត តែម សារុំ បានអោយដឹងថា ដំណើទស្សន:កិច្ចនេះដើម្បីស្វែងយល់ឲ្យកាន់ តែច្បាស់អំពីគោលនយោបាយអាជីវកម្ម និងគោលនយោបាយលើកទឹកចិត្តរបស់ឡាវ ក្នុងការរកឱកាសវិនិយោគ។ លោកថា ចំពោះស្ថានភាពនយោបាយ និងសន្ដិសុខសង្គមនៅប្រទេសឡាវគឺ មានស្ថានភាពល្អមិនខុសពីកម្ពុជានោះទេ ហើយ​បើមើលពីសក្ដានុពលនៅប្រទេសឡាវគឺមានឪកាសជោគជ័យច្រើន។ លោកបណ្ឌិត តែម សារុំ បញ្ជាក់ថា ការបណ្តាក់ទុនវិនិយោគនៅប្រទេសឡាវ មិនត្រឹមតែស្វែងរកផលចំណេញដល់ក្រុមហ៊ុននោះទេ តែវាជាការរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវផងដែរ។ ទន្ទឹមនឹងនេះក្រុមសហគ្រិនជំនាញក៏ត្រូវពិភាក្សាគ្នាឲ្យបានល្អិតល្អន់ជាមុនសិនផងដែរមុននឹងទម្លាក់ទុនវិនិយោគ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Khmer Foundation Appraisals Co., Ltd ដែលជាក្រុមហ៊ុនមានជំនាញវាយតម្លៃអចលនទ្រព្យ គ្រប់គ្រងអចលនទ្រព្យ វិនិយោគ ការអភិវឌ្ឍន៍វិស្វកម្ម និងសំណង់គ្រប់ប្រភេទបានអោយដឹងផងដែរថា លោកក៏មានផែនការវិនិយោគនៅប្រទេស​ឡាវនាពេលអនាគតផងដែរ ដោយមើលឃើញពីសន្ដិសុខសង្គមរបស់ឡាវមានស្ថិរភាព ហើយសេដ្ឋកិច្ចជាតិក៏កំពុងរក្សាកំណើនយ៉ាងល្អផងដែរ។ លោកឧកញ៉ាបញ្ជាក់ថា ការសម្លឹងឃើញទីផ្សារវិនិយោគនៅប្រទេសឡាវ ដោយសារមានគោលនយោបាយវិនិយោគល្អបំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ាន ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យសាធារណៈ និងឯកជនរវាងប្រទេសកម្ពុជា និងឡាវ។ សូមបញ្ជាក់ថា ការស្វែងរកបណ្តាក់ទុនវិនិយោគនៅប្រទេសឡាវរបស់គណៈប្រតិភូសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ ពួកគេបានធ្វើទស្សនកិច្ចនៅជុំវិញទីក្រុងវៀងច័ន្ទ និងស្ពានមិត្តភាពថៃ-ឡាវ នៅតំបន់ពាណិជ្ជកម្មតាមព្រំដែន៕
អត្ថបទដោយ: Koemsoeun