ជប៉ុនផ្តល់ជំនួយជាង ៣០០លានដុល្លារ កែលម្អផ្លូវជាតិលេខ៥ និងប្រព័ន្ធទឹកស្អាតនៅកម្ពុជា

ជប៉ុនផ្តល់ជំនួយជាង ៣០០លានដុល្លារ កែលម្អផ្លូវជាតិលេខ៥ និងប្រព័ន្ធទឹកស្អាតនៅកម្ពុជា

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន បានរម្លឹកថា លោកនឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ ​ស្តីពី​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការរបស់ប្រទេស​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ ៣៤.១៣៨លាន​យ៉េន (​ប្រមាណ​ ៣១០​លាន​ដុល្លារ​អាមេរិក​) ដល់រដ្ឋាភិបាល​កម្ពុជា​នាព្រឹក​​ថ្ងៃទី​២៤ ខែមីនា នេះនៅឯវិមាន​សន្តិភាព។

លិខិត​ប្តូរ​សារ ត្រូវ​ចុះហត្ថលេខាដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្របដណ្តប់​លើ​ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង ​ចំនួន​៣​គម្រោង និងឥណទាន​សម្បទានចំនួន​២​គម្រោង។

ចំពោះជំនួយហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោងចំនួន៣នោះមាន ទី១ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​តាខ្មៅ ដែលមាន​ទឹកប្រាក់​ចំនួន ៣.៤២១​លាន​យ៉េន (​ប្រមាណ ​៣១​លាន​ដុល្លារ​អាមេរិក​) ទី២ គម្រោង​សមាហរណកម្ម​​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ ដែលមាន​ទឹកប្រាក់​ចំនួន ​១.០០០​លាន​យ៉េន (​ប្រមាណ​ ៩​លាន​ដុល្លារ​អាមេរិក​) និងទី៣ គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គម មាន​ទឹកប្រាក់​ ​៣០០​លាន​​យ៉េន (​ប្រមាណ​ ២,៧​លាន​ដុល្លារ​អាមេរិក​)។

ដោយឡែកជំនួយឥណទាន​សម្បទានវិញ ក្រសួងការបរទេសកម្ពុជាបានអះអាងថា នឹង​អនុវត្តនូវគម្រោងចំនួន២សំខាន់  ទី១ គឺគម្រោង​លើកកម្ពស់គុណភាពផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (ពី​ធ្លា​ម្អម ខេត្តពោធិ៍សាត់ ទៅ​​ខេត្តបាត់ដំបង រហូតដល់សិរី​សោ​ភ័​ណ្ឌ​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ) មាន​ទឹកប្រាក់ ១៧.៧០២លាន​យ៉េន (​ប្រមាណ​ ១៦១​លាន​ដុល្លារ​អាមេរិក​)​ និងទី២ គម្រោង​ធ្វើ​ផ្លូវជាតិ​លេខ​៥ នាដំណាក់កាល​ទី​៣ (ពី​ព្រែក​ក្តាម​ ខេត្តកណ្តាល ទៅធ្លា​ម្អម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង​) ក្នុង​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន (​ប្រមាណ ​១០៦,៥លាន​ដុល្លារ​អាមេរិក​)​។​ ការសាងសង់នេះ ត្រូវអនុវត្តតាមស្តង់ដាគុណភាព សុវត្ថិភាព និងបច្ចេកទេស​សាង​សង់ក្រោមការត្រួតពិនិត្យ តាមដាន អង្កេត និងវាយតម្លៃរបស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ជាប្រចាំ ។

ក្រសួងការបរទេសកម្ពុជាបានបង្ហាញក្តីរំពឹងទុកថា ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ដែល​​រដ្ឋាភិបាល​ជប៉ុនបានផ្តល់ឱ្យ​នេះ នឹង​ជួយ​ជំរុញដល់ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​សង្គម​ សម្រាប់ប្រទេស​កម្ពុជា ​ហើយពង្រឹងនូវ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការល្អរវាង​ប្រទេសទាំងពីរថែមទៀត​៕

 

 

អត្ថបទដោយ: Pisey