កម្ពុជាជម្រុញឲ្យ HUAWEI ផ្តល់សេវាភ្ជាប់បច្ចេកវិទ្យាឱ្យកាន់តែច្រើននៅកម្ពុជា

កម្ពុជាជម្រុញឲ្យ HUAWEI ផ្តល់សេវាភ្ជាប់បច្ចេកវិទ្យាឱ្យកាន់តែច្រើននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានគេមើលឃើញថាធ្វើទំនើបកម្មសេវារបស់ខ្លួនយ៉ាងច្រើនដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈការធ្វើទំនើបកម្មដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឱ្យការផ្តល់សេវារបស់ក្រសួងមានភាពល្អប្រសើរ និងបានឆាប់រហ័សផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់ចិននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយ ធ្វើការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍន៍ និងបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងសេវាចាំបាច់មួយចំនួនទៀតរបស់ក្រសួង។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់៤.០ ដើម្បីផ្តល់សេវាសាធារណៈ ទទួលបានប្រសិទ្ធភាព និងតម្លាភាព។ សមិទ្ធផលសេវាសាធារណៈដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសម្រេចបាននោះមានដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App រួមនិងការកម្មវិធីស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។

លោកទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីគម្រោងមួយចំនួនដែលក្រសួងគ្រោងនឹងធ្វើបន្តទៀត មានដូចជា ការត្រៀមដាក់ឱ្យប្រើប្រាស់ឧបករណ៍តាមដានល្បឿនបើកបររបស់អ្នកបើកបរ និងតម្រាយផ្លូវធ្វើដំណើរប្រមាណ ១២០គ្រឿងរបស់ក្រុមហ៊ុន Baidu ដែលអាចបំពាក់នៅតាមរថយន្តដឹកទំនិញធំៗ តាមរយៈក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពចរាចណ៍។

លើសពីនេះទៀត ក្រសួងក៏មានគម្រោងប្រើប្រាស់ Block Chain ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញក្នុងការបំពេញការងារ និងក្លាយជាក្រសួងឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាមតិចតូច(Paperless) ដើម្បីពន្លឿនលំហូរការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ: Nary