ក្រសួងបង្ហើបគម្រោងបង្កើតក្រុមបច្ចេកវិទ្យា Digital Talent ដើម្បីជួយដល់វិស័យអប់រំកម្ពុជា

ក្រសួងបង្ហើបគម្រោងបង្កើតក្រុមបច្ចេកវិទ្យា Digital Talent ដើម្បីជួយដល់វិស័យអប់រំកម្ពុជា

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហើបពីគម្រោងប្រមូលផ្តុំក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដើម្បីឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ បម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ បានដកស្រង់សំដីរបស់លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា «ដើម្បីជាកម្លាំងចលករបន្ថែម ក្នុងការនាំយកកម្ពុជា ចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ ពីគម្រោងប្រមូលផ្តុំក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ បម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ»។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនស្មាត អាស្យាតា (Smart) បានលើកឡើងអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនស្មាត អាស្យាតា នៅកម្ពុជាជាងមួយទស្សវត្សកន្លងមកនេះ ដោយក្រុមហ៊ុនបានបង្កើនទុន វិនិយោគ ជាបន្តបន្ទាប់ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ ជូនដល់អ្នកប្រើប្រាស់ក៏ដូចជា ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ លោក ក៏បានបញ្ជាក់អំពីគុណតម្លៃរបស់ក្រុមហ៊ុន ដោយផ្តោតលើតម្លាភាព និងនិរន្តរភាព ព្រមទាំងការបេជ្ញាចិត្តគាំទ្រ ដល់កំណែទម្រង់ថ្មីៗ របស់ក្រសួង។

ក្នុងនោះលោករដ្ឋមន្ត្រីបានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួង ក្នុងការរៀបចំនិងអនុវត្តន៍ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ឌីជីថល ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការគ្រោងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) និងសេវាអនឡាញផ្សេងៗ តាមរយៈការអភិវឌ្ឍប្រកប ដោយភាពវៃឆ្លាតនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដើម្បីជាមូលដ្ឋានរឹងមាំមួយ ក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការលើកកម្ពស់ភាព ប្រកួតប្រជែងជាតិជាដើម៕

អត្ថបទដោយ: Nary