ប្រមុខរដ្ឋាភិបាល បង្ហាញផែនការសាងសង់ផ្លូវតភ្ជាប់តាមព្រំដែននៅទូទាំង​ប្រទេស

ប្រមុខរដ្ឋាភិបាល បង្ហាញផែនការសាងសង់ផ្លូវតភ្ជាប់តាមព្រំដែននៅទូទាំង​ប្រទេស
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវតភ្ជាប់នៅតំបន់ព្រំដែននៅទូទាំង​ប្រទេសកម្ពុជាដើម្បីធ្វើយ៉ាង​ណាបង្ក​លក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអាចធ្វើដំណើរនៅទូទាំង​ព្រំដែនប្រទេសកម្ពុជា។ ថ្លែងក្នុងទិវាទីក្រុង​ស្អាត​លើកទី ៧​ កាលពីម្សិលមិញនេះ​ សម្តេច ហ៊ុន សែនបានលើកឡើងថា នាពេ​លខាងមុខនេះ​ រដ្ឋាភិបាលកម្ពុជានឹងខិតខំបន្ត​​សាងសង់ផ្លូវ​តភ្ជាប់តាមព្រំដែន ដែលមានដូចជាការតភ្ចាប់ ខេត្តកោះកុង រហូតទៅដល់ឃុំថ្ម នៃខេត្តពោធិ៍សាត់ ភ្ជាប់ទៅខេត្តប៉ៃលិន ហើយ​តភ្ជាប់ឆ្ពោះទៅកាន់ខេត្តបាត់ដំបង។​​ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរជាសេដ្ឋកិច្ចពហុវិស័យដែលគ្មានទីអស្តង្គគតនោះឡើយ​​ ខណៈដែលឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ មានការកើនឡើងជិត១១ភាគរយ ហើយបាននាំប្រាក់ចំណូលប្រមាណ៤,៣៥៦លានដុល្លារអាមេរិក រួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា  នៅឆ្នាំ២០១៩នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ហើយនៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ ជាមួយនឹងការនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក រួមទាំងការបង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ ។ ចំណែក នៅឆ្នាំ២០៣០ខាងមុខវិញ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ​១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់ផងដែរ។ ខេត្តដែលនឹងត្រូវអភិវឌ្ឍ​តភ្ជាប់ផ្លូវគ្នា​នេះ​ សុទ្ធតែមានសក្តានុពលទីតាំងភូមិសាស្រ្ត​ទាំង​វិស័យទេសចរ និងការវិនិយោគ ជាពិសេស​ សម្រាប់តភ្ជាប់ការដឹកជញ្ជូននៃដំណាំកសិកម្មរបស់កម្ពុជាពីភូមិភាគពាយ័ព្យទៅកាន់តំបន់ឆ្នេរ ដែលមានកំពង់ផែដឹកជញ្ជូនផ្តល់ភាពងាយស្រួល។ ​​ លោក សន សៀប ដែលជាស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Key Real Estate បានឱ្យដឹង​ថា​ ខេត្ត​ កោះកុង​ និងបាត់ដំបងជាដើម ជាទិសដៅនៃការវិនិយោគលើវិស័យអចលនទ្រព្យ បន្ទាប់ពីខេត្តព្រះសីហនុ​ ខណៈដែលបច្ចុប្បន្នកោះកុងមានការប្រកាសសាងសង់គម្រោងជាបន្តបន្ទាប់ ជាពិសេស ក្រុមហ៊ុនយក្ស​របស់ចិន  UDG ដែលកំពុងអភិវឌ្ឍគម្រោង​ទីក្រុងរណបដែលមានដូចជាទីក្រុងទេសចរ រីសត​ និង​ព្រលានយន្តហោះជាដើម​៕
អត្ថបទដោយ: Bunthoeun