តើជំនាញស្ថាបត្យកម្មមានសក្តានុពលខ្លាំងប៉ុនណាសម្រាប់កម្ពុជា?

ភ្នំពេញ៖ ស្ថាបត្យកម្មជាជំនាញមួយដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក មិនមែនសម្រាប់តែកម្ពុជានោះទេ។ ប្រទេសទាំងអស់សុទ្ធតែមានស្ថាបត្យកម្ម និងរចនាប័ទ្មសម្រាប់ខ្លួនគេរៀងៗខ្លួន។ សម្រាប់កម្ពុជាស្នាដៃស្ថាបត្យកម្មជាច្រើនដូចជាស្នាដៃក្នុងវត្តអារាម អគារ និងសំណង់ ផ្សេងទៀតដែលបង្កប់ដោយស្ថាបត្យកម្ម រចនាប័ទ្ម និងសិល្បៈល្អៗ។
ដកស្រង់ចេញពីកាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយសាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ កាលពីឆ្នាំ២០១៨ តាមការសង្កេតរបស់លោកគឺឃើញមានប្រហែលជា ៧០ភាគរយដែលបញ្ចូលភាគច្រើនលើដំបូល របង ក្បូរ-ក្បាច់រចនា និងទំហំស្តង់ដារទ្វាបង្អួច បែបផ្ទះខ្មែរជាដើម។
កាលពីពេលថ្មីៗ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់បានលើកទឹកចិត្តដល់វិស្វករ និងស្ថាបត្យករខ្មែរទំាងអស់ ឲ្យរាល់ការស្ថាបនាសំណង់អគារខ្ពស់ៗត្រូវបញ្ចូលគំនិតស្ថាបត្យកម្ម និងរចនាបថខ្មែរ ដើម្បីរក្សាបានអត្តសញ្ញាណជាតិ និងការទាក់ទាញភ្ញៀវទេសចរ។
ដោយឡែកអគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក លឹម សុថាវ ធ្លាប់បានលើកឡើងថា៖ «សំណង់ប្រាសាទ នៃសម័យរាជធានីអង្គរត្រូវបានសាងសង់យ៉ាងល្អឥតខ្ចោះ ប្រកបដោយទេពកោសល្យខ្ពស់ ហើយភាពល្អឯកនៃវិស្វករ ព្រមទាំងសា្ថបត្យកម្មនេះ មិនត្រឹមតែនាំមកនូវមោទនភាពប៉ុណ្ណោះទេ ថែមទំាងបានផ្តល់ឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រកបដោយភាពទាក់ទាញផ្នែកទេសចរណ៍វប្បធម៌ដ៏សំខាន់»។
លោកសាស្ត្រាចារ្យ សុខ ខុម បានលើកឡើងថាសម្រាប់ជំនាញស្ថាបត្យកម្មនេះពិតជាមានសក្តានុពលខ្ពស់ព្រោះសំណង់អគារនាពេលបច្ចុប្បន្ននេះកំពុងរីកដុះដាលច្រើន។ បើទោះបីជាបច្ចុប្បន្ននេះមាននិស្សិតសិក្សាជំនាញស្ថាបត្យកម្មច្រើនក៏ដោយ ក៏ថ្ងៃក្រោយនៅតែមានតម្រូវការខ្ពស់ដដែល ព្រោះនៅទីក្រុងយើងនៅត្រូវការអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ទាំងស្ពាន អគារធំៗ និងលំនៅឋានជាដើម។ ឱ្យតែនិស្សិតមានសមត្ថភាពពិតប្រាកដ មិនខ្វះទេការងារ ព្រោះគេប្រាកដជាត្រូវការយើង ជាក់ស្តែងស្ថាបត្យករខ្មែរយើងជើងចាស់ជាច្រើនត្រូវបានទទួលស្គាល់ ហើយត្រូវបានបរទេសជួលទៅធ្វើការងារឱ្យវិញក៏មាន។
លោកព្រឹទ្ធបុរសបន្តថាមានស្ថាបត្យករខ្លះមានស្នាដៃរបស់ខ្លួននៅប្រទេសសិង្ហបុរី នៅអឺរ៉ុប និងនៅប្រទេសអភិវឌ្ឍន៍មួយចំនួនទៀតផង។ ហើយចំពោះលោកតា វណ្ណ ម៉ូលីវណ្ណ វិញ ក៏មានស្នាដៃនៅបារាំង នៅប្រេស៊ីល និងនៅប្រទេសធំៗ មួយចំនួនទៀតដែលគេទទួលស្គាល់ដែរ។ ហេតុនេះទីផ្សារស្ថាបត្យកម្មនេះទូលំទូលាយណាស់សម្រាប់និស្សិតកម្ពុជា ព្រោះមិនមែនមានតែទីផ្សារក្នុងស្រុកទេ តែមានទីផ្សារនៅបរទេសថែមទៀតប្រសិនបើមានសមត្ថភាពខ្លាំង៕
(លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា)
(សាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម នៃសាកលវិទ្យាល័យបៀលប្រាយ)
(លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី)