អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ ដោយប្រើរយៈពេល ៣៦ខែ ចាប់ដំណើរតាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០។ នេះបើតាមការជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ។

ការបង្ហាញនេះ ធ្វើឡើងក្នុងជំនួបរវាង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

នាឱកាសជំនួបនោះ លោក លូ វី (Lu Wei) បានរាយការណ៏អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។

ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

សូមបញ្ជាក់ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវបាន សាងសង់នៅលើទីតាំងនៅជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ របស់ខេត្តសៀមរាប លើផ្ទៃដីទំហំ ៧០០ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៧០០ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារអាមេរិក៕

អត្ថបទដោយ: Nary