ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងជើងឯកទំហំជិត២ហិកតាឱ្យអាជ្ញាធររាជធានីភ្នំពេញសម្រាប់ធ្វើអាងចម្រោះទឹកស្អុយ ខណៈអាងចម្រោះទឹកកខ្វក់ចំនួន៤ស្ថានីយនៅខេត្តព្រះសីហនុកំពុងត្រូវបានសាងសង់។
អនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងជើងឯក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែល KHB Media ទើបទទួលបានថ្ងៃនេះបានបង្ហាញថា រាជរដ្ឋាភិបាលសម្រេចកាត់ដីទំហំ១៩.៧៣៦ ម៉ែត្រក្រឡានៅបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោជូនទៅសាលារាជធានីភ្នំពេញ ដើម្បីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកង្វក់។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី សុំមិនបញ្ជាក់បន្ថែមលើសពីនេះទេ ដោយលោកថា រង់ចាំការស្រាវជ្រាវ និងពិនិត្យលើឯកសារសិន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា វាការល្អប្រសិនបើរដ្ឋាភិបាលយកដីនោះទៅអភិវឌ្ឍ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ប៉ុន្តែលោកស្នើទៅរដ្ឋាភិបាល ត្រូវបង្ហាញពីតម្លាភាពនៃការប្រើប្រាស់ដីនោះ។
លោក សន ជ័យ បន្តថា កន្លងមកគម្រោងដែលបានស្នើសុំដោយរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗនោះ ត្រូវបានលាក់លៀមព័ត៌មាន និងដីនៅតំបន់បឹងមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានទន្រ្ទានយកដោយអ្នកមានលុយ មានអំណាចរួចទៅហើយ។
លោកបន្ថែមថា៖«ឱ្យតែការអភិវឌ្ឍមួយជាផលប្រយោជន៍សាធារណៈដែលជាតម្រូវការមហាជន ខ្ញុំយល់ថា វាជារឿងល្អ ប៉ុន្តែធ្វើយ៉ាងម៉េចកុំឱ្យផែនការនេះ វាក្លាយទៅជាកម្មវត្ថុមួយដែលកើតមាននូវជម្លោះ ដែលទាក់ទងដីនៅតាមមាត់បឹង។ នេះ ព្រោះកន្លងមក យើងឃើញមានរឿងអាស្រូវជាច្រើនទាក់ទងនឹងការគ្រប់គ្រងអាងស្តុកទឹក ឬបឹងស្តុកទឹកក្នុងរាជធានីភ្នំពេញនេះ ដោយសារព័ត៌មានមួយចំនួននៃគម្រោងស្នើដោយរដ្ឋាភិបាលហ្នឹង មិនមានតម្លាភាពប៉ុន្មានទេ ដោយសារតែរដ្ឋាភិបាលថ្នាក់ក្រោមជាតិខ្លះបំពេញការងារដោយលាក់លៀម»។
សូមបញ្ជាក់ថា ផ្នែកខ្លះនៃបឹងធំៗចំនួន ៤ មានបឹងពោងពាយ បឹងកក់ បឹងទំពុន និងបឹងជើងឯក ដែលនៅក្នុង និងជាយរាជធានីភ្នំពេញ ត្រូវបានរដ្ឋាភិបាលវិនិយោគឱ្យក្រុមហ៊ុនមួយចំនួនធ្វើការអភិវឌ្ឍសម្រាប់ធ្វើជាតំបន់ពាណិជ្ជកម្មនិងទីក្រុងរណបជាដើម។
ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុប្រយោគដោយកាត់ដីអាងស្តុកទឹកបឹងទំពុនទំហំ៣៥ហិកតាបន្ថែមទៀត ដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយធ្វើការអភិវឌ្ឍ។

ចំណែកនៅខេត្តព្រះសីហនុវិញ រាជរដ្ឋាភិបាលបាននឹងកំពុងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន៤ស្ថានីយ ដើម្បីចម្រោះទឹកស្អុយដែលហូរចេញពីសណ្ឋាគារ កាស៊ីណូ ខុនដូ ផ្ទះសំណាក់ និងទីតាំងផ្សេងៗទៀត មុនពេលបង្ហូរចូលសមុទ្រវិញ។ ស្ថានីយចម្រោះទឹកកខ្វក់ទី១ និងទី២ នឹងបញ្ចប់ការសាង់នៅដំណាច់ខែកុម្ភៈនេះ។ រីឯស្ថានីយចម្រោះទឹកកខ្វក់ទី៣ និងទី៤ នឹងបញ្ចប់នាពាក់កណ្តាល ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឯកភាពទៅតាមសំណើរបស់សាលារាជធានីភ្នំពេញផងដែរ ដែលបានស្នើកាត់ដីបឹងតាមោក ២០ហិកតា សម្រាប់សាងសង់ផ្សារបន្លែ និងចំណតរថយន្ត៕