ខេត្តសៀមរាបនឹងមានសួនត្រីទឹកសាបសាងសង់លើផ្ទៃដី១០០ហិកតា

ខេត្តសៀមរាប៖ វិនិយោគិនក្នុងស្រុកចាប់ដៃគ្នាជាមួយវិនិយោគិនជប៉ុន និងអាមេរិកគ្រោងសាងសង់ជលវប្បដ្ឋានត្រីទឹកសាប ព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រដែលប្រឈមជិតផុតពូជ ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គម្រោងនេះនឹងសាងសង់លើផ្ទៃដីប្រមាណ ១០០ ហិកតា ជាមួយទុនវិនិយោគជាង ៧០លានដុល្លារអាមេរិក។
គម្រោងនេះត្រូវបានប្រកាសឡើងក្នុងជំនួបពិភាក្សាការងារមួយរវាងអភិបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុន Angkor Wildlife និងក្រុមហ៊ុន Aquarium Co.Ltd កាលពីពេលថ្មីៗនេះ។ គម្រោងសាងសង់ជលវប្បដ្ឋាននឹងត្រូវចែកចេញជាបីដំណាក់កាល ហើយក្នុងដំណាក់កាលទី១នេះ ប្រើប្រាស់ថវិកា ២០លានដុល្លា ដែលនឹងគ្រោងបើកការដ្ឋាន ក្នុងខែ មីនា ឆ្នាំ២០១៩ខាងមុខ និងគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២០។
ជំនួបពិភ្សាការងារមួយរវាងអភិបាលខេត្តសៀមរាប ជាមួយក្រុមហ៊ុន Angkor Wildlife និងក្រុមហ៊ុន Aquarium Co.Ltd
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមហ៊ុនធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព និង អាជ្ញាធរពាក់ព័ន្ធ ហើយកត្តាសំខាន់នោះ គឺការធ្វើពាក្យសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវជាមុន ព្រមទាំងធ្វើការត្រួតពិនិត្យឡើងវិញនូវទីតាំងរបស់គម្រោង អំពីទីទួលបុរាណដ្ឋាន ដើមី្បជៀសវាងក្នុងពេលកំពុងដំណើរការសាងសង់ទៅមានការរំខានធ្វើឱ្យមានការយឺតយ៉ាវ។
លោក សីហា បានគូសបញ្ជាក់ទៀតថា ការបង្កើតឱ្យមានជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយរបស់ខេត្តសៀមរាបសម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងធ្វើឱ្យពួកគេស្នាក់នៅក្រុងសៀមរាបបានយូថ្ងៃផងដែរ។
ជលវប្បដ្ឋានត្រី (រូបភាព តំណាង)
សូមជម្រាបថា កាលពីឆ្នាំ២០១៨ តំបន់ទេសចរណ៍ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ២លាន ៥សែននាក់ ដោយទទួលបានប្រាក់ចំណូលជាង ១០០លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវចូលទស្សនាប្រាសាទនានា ហើយភ្ញៀវទេសចរអន្តរជាតិភាគច្រើនបំផុតមកពីប្រទេស ចិន កូរ៉េ និងអាមេរិក៕
អត្ថបទដោយ:
Bunthoeun


