ភ្នំពេញ៖ គម្រោងព្រលានយន្តហោះថ្មីតម្លៃ១,៥០០លានដុល្លារលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនឹងត្រូវវិនិយោគដោយក្រុមហ៊ុន OCICរបស់ ឧកញ៉ា ពុង ខៀវសែ និងក្រុមហ៊ុនចិនត្រូវបានប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ហើយនៅថ្ងៃទី២០កុម្ភៈឆ្នាំ២០១៩។

ក្នុងសេចក្តីសម្រេចនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រគល់សិទ្ធិដល់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំសមាជិក២៣រូបផ្សេងទៀតចុះ ពិនិត្យ និងកំណត់និយាមកាទីតាំង សិក្សាវាយតម្លៃថ្លៃដីនៅតំបន់គម្រោង សម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធ សម្របសម្រួលជាមួយក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ដើម្បីដំណើរការអនុវត្ត និង ធ្វើរបាយការណ៍អំពីលទ្ធផលជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចមុននឹងឈានទៅអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ។

ពាក់ព័ន្ធដំណើរសាងសង់និងទុនវិនិយោគវិញ រាជរដ្ឋាភិបាលកម្ពុជាមានភាគហ៊ុន១០ភាគរយ ចំណែកឯក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ មានភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

សូមរំឭកថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅភូមិសាស្រ្ត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះត្រូវបានប្រកាសឡើងម្តងរួចមកហើយក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ កាលណោះ នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីចិន បានធ្វើជាសាក្សីនៃការហត្ថលេខាគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន។ ដំណឹងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីពេលនោះ ត្រូវបានអ្នកអ្នកជំនាញអចលនទ្រព្យវាយតម្លៃថា នឹងធ្វើឱ្យតម្លៃអចលនទ្រព្យនៅតំបន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលឡើងថ្លៃកប់ពពក ហើយពលរដ្ឋនឹងទទួលផលប្រយោជន៍ពីការលក់ដីស្រែ ដីចម្ការក្នុងតម្លៃខ្ពស់។ បច្ចុប្បន្ន ក្រុមហ៊ុនពុះដីឡូតិ៍លក់វិញក៏លេចឡើងព្រោងព្រាតទៅរកស៊ីនៅទីនោះដែរ៕