ជប៉ុនផ្តល់ថវិការជាង ៥២៩លានដុល្លារ ក្នុងគម្រោងអប់រំនៅខេត្តបាត់ដំបង

ជប៉ុនផ្តល់ថវិការជាង ៥២៩លានដុល្លារ ក្នុងគម្រោងអប់រំនៅខេត្តបាត់ដំបង
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ បានសរសេរថា៖ «ជប៉ុនផ្តល់ថវិកាចំនួន ៥២៩,០៦៨ ដុល្លារអាមេរិក សម្រាប់ គម្រោងសាលាមត្តេយ្យសិក្សាធនធានគំរូផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង»។ ជំ​នួយរបស់ជប៉ុននេះ បានចុះហត្ថលេខាសម្រេចកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង លោក កាសេ តាកាស៊ី នាយកអង្គការសន្តិស្ម័គ្រចិត្ត សម្រាប់គម្រោងសាលាមត្តេយ្យសិក្សាធន​ធាន​​​គំរូ ផ្តោតលើបណ្ណាល័យក្នុងខេត្តបាត់ដំបង។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការ អប់រំកុមារតាមរយៈការបង្កើតសាលាមត្តេយ្យគំរូបំពាក់ដោយបណ្ណាល័យ និងការបង្កើន សមត្ថភាពគ្រូមត្តេយ្យសិក្សា នឹង បណ្ណារក្សនៅក្នុងក្រុងបាត់ដំបង។ កុមារតូចប្រមាណជា ៤៥០​នាក់ នៅសាលាមត្តេយ្យធនធានក្រុងបាត់ដំបងនឹងអាចទទួល​បាន​​​បរិយាកាសល្អប្រសើរសម្រាប់ការអប់រំពីគម្រោងនេះ។ ជាមួយគ្នានេះដែល កុមារប្រ​មាណ​ជា១០,០០០នាក់ នៅក្នុងខេត្តបាត់ដំបងក៏រំពឹងថា នឹងទទួលបានការអប់រំ​កាន់តែល្អប្រសើរផងដែរ។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាបានលើកឡើងថា អង្គការ​នេះ នឹងបង្កើតសាលាមត្តេយ្យគំរូបំពាក់ដោយបណ្ណាល័យ លើកកម្ពស់ការអានសៀវភៅ​ក្នុង​ការអប់រំកុមារតូច និងបង្កើនសមត្ថភាពគ្រូបង្រៀនសាលាមត្តេយ្យខេត្តបាត់ដំបង ដើម្បី​កែ​លម្អ​គុណភាពនៃការការអប់រំកុមារតូច និងអភិវឌ្ឍឱ្យកាន់តែប្រសើរ​ឡើងសម្រាប់​កុមារ​តូច។ តាម​រយៈគម្រោងមួយនេះលោកឯក​អគ្គ​រាជទូតសង្ឃឹមថា សកម្មភាពរបស់​បណ្ណាល័យ​នឹងរីកចម្រើននៅទូទាំងខេត្ត ហើយការអប់រំកុមារតូចក្នុងខេត្តបាត់ដំបងនឹង​អភិវឌ្ឍន៍កាន់​តែ​ខ្លាំងថែមទៀត»។ សូមរំលឹកផងដែរថា​ ក្នុងកម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅ​រដ្ឋាភិ​បាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដោយបានផ្តល់ថវិកាជាង ៣៥ លានដុល្លារអាមេរិក ដល់គម្រោងចំនួន១១៤ ផ្តោតលើវិស័យអប់រំនៅ​តាមកម្រិត​មូល​ដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពសម្អាតមីនជាដើម។
អត្ថបទដោយ: Rath