ផ្លូវអ៊ុតកៅស៊ូជាង១ពាន់ម៉ែត្រទៅប្រាសាទអង្គរត្រូវបានជួសជុលរួចរាល់ហើយ

ផ្លូវអ៊ុតកៅស៊ូជាង១ពាន់ម៉ែត្រទៅប្រាសាទអង្គរត្រូវបានជួសជុលរួចរាល់ហើយ
សៀមរាប៖ គិតត្រឹមចុងខែមករានេះ អាជ្ញាធរជាតិអប្សរាបានជួសជុល និងកែ​លម្អ​ឡើ​ង​វិញ​នូវ​ផ្លូវ​ប្រវែង​១.២០០ម៉ែត្រចាប់ពី​កំណាត់ផ្លូវកូម៉ៃ​ឆ្ពោះ​​ទៅ​ប្រា​សា​ទ​អង្គរ ដោយអ៊ុតកៅស៊ូបេទីម​ដែ​ល​​មាន​គុណ​ភាពខ្ពស់ ខណៈ​មន្រ្តី​​​កំពុង​មមាញឹក​​​ជួស​ជុល និងកែលម្អផ្លូវសំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​អង្គរ។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យ​នៃអាជ្ញាធរជាតិអប្សរាបាន​ថា អាជ្ញាធរជាតិអប្សរា​កំពុងតែ​ម​មា​ញឹក​​ក្នុង​ការ​ជួស​ជុល និងកែលម្អផ្លូវសំខាន់ៗមួយចំនួនក្នុងតំបន់អង្គរឱ្យមានភាពល្អប្រសើរ ដើម្បី​ផ្តល់​ភាព​ងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេ​ស​ចរ និងបម្រើផលប្រយោជន៍​ទូទៅ​ផ្សេង​​ទៀតដល់​បងប្អូ​នប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ លោកថា៖«ខ្ញុំអត់បានដឹងពីទំហំទឹកប្រាក់នៃការចំណាយនេះទេ ខ្ញុំគ្រាន់តែដឹងថា យើងកំពុង​ធ្វើ​វារាល់ថ្ងៃ ហើយផ្លូវពីកូម៉ៃឆ្ពោះ​ទៅប្រាសាទអង្គរវត្តយើងហ្នឹង គឺរួចរាល់ហើយ ក្រុមការងារកំពុង​បន្តជួសជុលកន្លែងផ្សេងទៀត»។ ក្រៅពីនេះ លោកឡុង កុសល ក៏បានអះអាងឱ្យដឹងដែរថា  កំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ពីចំណុចស្វាយធំឆ្ពោះទៅភូមិព្រះដាក់ ដែល​រង​ការ​ខូចខាត​ខ្លាំង​និងបានជួសជុលផ្នែកខ្លះ ក៏កំពុងទទួលបានការជួសជុល​និងកែលម្អ​បន្ថែម​ទៀត​រហូតដល់​ត្រង់​ចំណុចរង្វង់មូលដំរីស្ថិតក្នុងភូមិ​តាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ហើយ​ការជួស​ជុលនេះ​នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីពេលថ្មីៗនេះបានជំរុ​ញ​ឱ្យអាជ្ញាធរជាតិអប្សរាប្រញាប់ជួសជុលផ្លូវសំខាន់ៗនៅក្នុងតំបន់ប្រាសាទអង្គរវត្តឱ្យឆាប់​បំផុតតាមដែលអាចធ្វើទៅបាន។ លោកស្រីលើកឡើងថា ប្រសិនអាជ្ញាធរពាក់ព័ន្ធជួសជុលវាបានស្អាត នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងរំលេច​ឡើង ដើម្បីបម្រើ​ផល​ប្រយោជន៍សា​ធារ​ណ​ជនក៏ដូចជាសម្រួលដល់ការធ្វើដំណើរ​របស់ភ្ញៀវទេសចរដែលមក​កម្សា​ន្តក្នុងរម​ណីយ​ដ្ឋា​ន​អង្គរ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា កាលពីចុងឆ្នាំ២០១៨ ​បាន​ជួសជុលរួចរាល់​ផ្លូវសម្តេចវិបុល​បញ្ញា​សុខ អាន ដោយបានពង្រីកទទឹងផ្លូវរហូតដល់១០ម៉ែត្រចាប់ពីចំណុចស្ពាននាគ​រហូត​ដល់​រង្វង់​មូលអប្សរា​៕
អត្ថបទដោយ: Koemsoeun