ស្ពានថ្មើរជើងដ៏ទំនើបដំបូងគេនៅកម្ពុជាគ្រោងបើកដំណើរការមុនចូលឆ្នាំខ្មែរ

ស្ពានថ្មើរជើងដ៏ទំនើបដំបូងគេនៅកម្ពុជាគ្រោងបើកដំណើរការមុនចូលឆ្នាំខ្មែរ
ភ្នំពេញ៖ស្ពានអាកាសថ្មើរជើងប្រើបច្ចេកវិទ្យាទំនើបដំបូងគេនៅកម្ពុជាស្ថិតនៅរង្វង់មូលស្តុបនាងគង្ហីងគ្រោងនឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងគម្រោងអូឡាំព្យាស៊ីធី។ បន្ទាប់ពីបើកការរដ្ឋានតាំងពីឆ្នាំ២០១៧មក ស្ពានអាកាសសម្រាប់ថ្មើរជើងឆ្លងកាត់ដ៏ទំនើបនេះនឹងបិទបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះនិងដាក់ឱ្យដំណើរការអបអរបុណ្យចូលឆ្នាំថ្មី។ លោក ម៉េង ចំរើន អ្នកគ្រប់គ្រងគម្រោងអូឡាំព្យាស៊ីធីបានឱ្យដឹងថា ស្ពាននេះបំពាក់ដោយ​ជណ្តើរយន្ត និងជណ្តើរយោង មានដំបូលប្រក់ពីលើការពារកម្តៅថ្លៃ និងទឹកភ្លើង បាំងចំហៀងដោយបង្កាន់ដៃកញ្ចក់អាចការពារមនុស្សមិនឱ្យធ្លាក់គ្រោះថ្នាក់បាន។ អ្នកគ្រប់គ្រងគម្រោងរូបនេះបានឱ្យដឹងទៀតថា ជណ្តើរនេះមានផ្ទៃធំទូលាយ កម្ពស់ខ្ពស់ល្មមមិនរំខានដល់អ្នកធ្វើដំណើរឆ្លងកាត់ខាងក្រោមនោះឡើយ។ ជាងនេះទៅទៀត ស្ពានថ្មើរជើងនេះ បើប្រៀបធៀបនឹងស្ពានថ្មើរជើងជាមួយប្រទេសរីកចម្រើនខ្លាំងឬនៅប្រទេសភូមិផងរបងជាមួយ​កម្ពុជា លោក ម៉េង ចំរើន បញ្ជាក់ថា "ស្ពានថ្មើរជើងរបស់យើងមានលក្ខណៈទំនើបប្រហាក់ប្រហែលស្ពានថ្មើរជើងរបស់ប្រទេសគេដែរហើយ"។ ចំពោះសារៈប្រយោជន៍នៃស្ពានថ្មើរជើងនេះវិញ ត្រូវបានអ្នកគ្របគ្រងគម្រោងពន្យល់ថា នឹងជួយសម្រួលសុវត្ថិភាពដល់អ្នកឆ្លងកាត់នៅកន្លែងចរាចរដ៏មមាញឹកត្រង់ចំណុចរង្វង់មូលនាងគង្ហីងនេះ កាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយពេលវេលាធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធការរៀបចំសោភ័ណភាពនៅម្តុំស្ពានថ្មើរជើងនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញតាមរយៈហ្វេសប៊ុក បានបញ្ជាក់ថា អាជ្ញាធរនឹងរំកិលរូបសំណាកនាងគង្ហីងដោយត្រូវលើកកម្ពស់រូបពី ៥.៥ម ទៅ ៧.៥ម កែលំអផ្លូវបត់ស្តាំពីវិថី ទេព ផន ទៅមហាវិថីព្រះមុនីរ៉េត បន្ថែមភ្លើងបំភ្លឺនៅក្រោមស្ពានថ្មើរជើង បន្ថែមភ្លើងស្តុបចំនួន​១បង្គោល​ ដើម្បីកែលម្អប្រព័ន្ធចរាចរណ៍តំបន់ភ្លើងស្តុបនាងគង្គីង ។ សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនេះគឺជាផ្នែកមួយនៃ Olympia Cityសាងសង់ឡើងដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិកក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕
អត្ថបទដោយ: Sereyrath