បេតុងជ្រាបទឹកបច្ចេកវិទ្យាថ្មីបំផុតរបស់ជប៉ុន នឹងកែប្រែមុខមាត់តំបន់ Pub Street

បេតុងជ្រាបទឹកបច្ចេកវិទ្យាថ្មីបំផុតរបស់ជប៉ុន នឹងកែប្រែមុខមាត់តំបន់ Pub Street

ខេត្តសៀមរាប: ចិញ្ចើមផ្លូវ​ប្រសព្វ​តំបន់ Pub Street ក្នុង​ក្រុង​សៀមរាប ត្រូវបាន​អ្នកជំនាញ​ជប៉ុន​ចាប់ផ្តើម​អ​នុ​វត្តន៍​គម្រោង​សាកល្បង​ពី​បច្ចេកវិទ្យា​ថ្មី​របស់​កម្រាល​បេតុង​ជ្រាប​ទឹក ដើម្បី​ស្ថាបនា​ចិញ្ចើមផ្លូវ​នៅ​តំបន់​នោះ​ឱ្យមាន​ភា​ព​ប្រ​សើរ​​ឡើងវិញ ដោយ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់ក្នុង​ជំនួប​ពិភាក្សា​ការងារ​កាលពីថ្ងៃទី១២ កុម្ភៈ​ថា ក្រុមហ៊ុន Omura Ceratec Co.,Ltd របស់​ប្រទេស​ជប៉ុន​បានចាប់ផ្តើម​អនុវត្តគម្រោង​សាកល្បង​​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល និង​ចិញ្ចើមផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹកតាម​បណ្តោយ​ផ្លូវ ២ធ្នូ ប្រវែង ៩៣ម៉ែត្រ​ពី​ចំណុច​ផ្លូវ​ប្រសព្វ Pub Street ដល់​​មុខ​ខ្លោងទ្វារ​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។ លោក​រំពឹងថា៖«ក្រោយពេល​បញ្ចប់ការ​ស្ថាបនា​នេះ តំបន់ Pub Street នឹងមាន​សម្រស់​កាន់តែ​ស្រស់ស្អាត ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​កែប្រែ​មុខមាត់​ថ្មី​នៃ​ក្រុង​សៀមរាប​យើង​នេះ»។ ចំណែក លោក Hiroya Kon អ្នកគ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន Omura Ceratec Co.,Ltd បាន​អះអាងថា គម្រោង​សា​ក​ល្បង​នេះ​មាន​គោលបំណង​រួមចំណែក​ការពារ​ទឹកជំនន់ ដក់​លើផ្លូវ និង​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ដោយ​ប្រើ​កម្រាល​ដុំ​បេតុង​ជម្រាបទឹក (Permeable Interlocking Block Pavement) ជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ និង​ជា​ស្តង់ដារ​ជប៉ុន។ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​មានប្រសាសន៍ថា នេះ​ជា​គម្រោង​មួយ​ថ្មី ដែ​ល​​បាន​សិក្សា​ជា​បន្តបន្ទាប់ ក្នុងការ​បែងចែក​ទ្រូងផ្លូវ ផ្លូវ​ថ្មើរជើង និង​ចំណត​យានយន្ត ដើម្បី​ឱ្យមាន​សណ្តាប់ធ្នាប់​របៀប​រៀប​រយ​​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ទីប្រជុំជន​ផងដែរ។ លោក​បន្តថា គម្រោង​នេះ ត្រូវបាន​លើក​ឡើងមក​ពិភាក្សា​កាលពី​ចុងឆ្នាំ២០១៦ ហើយ​នៅ​ខែមករា​ឆ្នាំ២០១៧ ទី​ភ្នាក់​ងារ​​​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន JICA បានមក​ទាក់ទងនិង​សិក្សា​ពី​ទីតាំងក្រោម​ការសហការ​ស​ម្រ​ប​សម្រួល​ពី​អាជ្ញាធរ​ក្រុង​សៀមរាប និង​ការគាំទ្រ​ជំរុញ​បន្ថែម​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ក្នុង​ក្រុង​ដែលមាន​ទេសចរ​ធ្វើដំណើរ​ថ្មើរជើង​ច្រើន។ លោក​បន្តថា៖«គម្រោង​សាកល្បង​នេះ ចាប់ផ្តើម​អនុវត្តន៍​ពី​ខែកុម្ភៈ ឆ្នាំ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​ក្នុង​ខែមិថុនា​ឆ្នាំ២០១៩ខាងមុខនេះ»៕

អត្ថបទដោយ: Koemsoeun