ឆ្នាំ២០២៥ កម្ពុជានឹងមានទឹកស្អាត១០០% ជូនប្រជាពលរដ្ឋនៅទីប្រជុំជន

ឆ្នាំ២០២៥ កម្ពុជានឹងមានទឹកស្អាត១០០% ជូនប្រជាពលរដ្ឋនៅទីប្រជុំជន
  ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ថ្ងែ​ទី ១១ កុម្ភៈ​ បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនការ និង​កំណត់​គោលដៅ​ត្រឹម​ឆ្នាំ២០២៥នេះដោយមន្ត្រី​ជំនាញ​នឹង​ជំរុញ​ការផ្គត់ផ្គង់​ទឹកស្អាត​ឱ្យបាន​១០០​ភាគរយ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន​នៅ​ទូទាំងប្រទេស។ ការលើកឡើង​នេះ គឺក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការដាក់​ឱ្យប្រើប្រាស់​បទដ្ឋាន​បច្ចេកទេស​អ​ប្បរមាសម្រាប់​ប្រព័ន្ធ​ទឹក​ស្អាត​​ខ្នាតតូចដែលត្រូវបាន​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ទឹកស្អាត​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សហការ​ជាមួយ អង្គ​ការ​សុខភាព​ពិភពលោក (WHO) និង​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ(3i) នៅ​ទីស្ដីការក្រសួង។ ក្នុង​សិក្ខាសាលា​នោះ លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែងថា ក្រសួង​សង្ឃឹម​យ៉ា​ង​​មុតមាំ​ថា ចាប់ពីពេលនេះ​ទៅ​ប្រតិបត្តិ​ទឹកស្អាត​ឯកជន​នឹងមាន​មូលដ្ឋាន​បច្ចេកទេស​មួយ​ដ៏​រឹងមាំ​សម្រាប់​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាតឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​កំណត់ ដោយ​គ្មាន​ការថត​ចម្លង​ប្រព័ន្ធ​ផលិតកម្ម​ពីគ្នា​ដោយ​ខ្វះ​មូលដ្ឋាន​បច្ចេកទេស​ទៀត​ឡើយ។ លោក​បាន​បន្ដថា កត្តា​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​វិនិយោគ កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​ទឹកស្អាត ក៏ដូចជា​ធានាបាន​នូវ​គុណ​ភាពទឹក​សម្រាប់​ការផ្គត់ផ្គង់​អនុ​លោម​តាម​ស្តង់ដារ​កំណត់​មាន​សុវត្ថិភាព និង​ធានាបាន​នូវ​សុទិដ្ឋិនិយម​សម្រាប់​ទាំងអស់គ្នា។ លោក​បញ្ជាក់ថា៖«ក្នុងន័យនេះ រាជរដ្ឋាភិបាល​ខិតខំ​ជំរុញ​បន្ថែមក្នុងការ​សម្រេចបាន​នូវ​គោល​ដៅ​ឆ្នាំ២០២៥ របស់​រាជ​រដ្ឋាភិបាលក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ឱ្យបាន១០០ភាគរយ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន»។ លោក​រដ្ឋលេខាធិការ​បា​នប​បន្ថែមថា ចាប់ពី​ថ្ងៃនេះ​ទៅ​រហូតដល់​ពាក់កណ្តាល​ឆ្នាំនេះ ក្រសួង​មិន​អនុញ្ញាត​ឱ្យមាន​ប្រតិ​ប​ត្តិ​ករ​ទឹកស្អាត នៅក្រៅ​រង្វង់​ច្បាប់​ទៀត​ទេ។ ដោយឡែក មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម នៅតាម​បណ្តា​ខេត្ត​ត្រូវមាន​ភារ​កិច្ច​​ពិនិត្យមើល​ប្រភពទឹក​ដែលមាន​សក្តានុពល និង​វាយតម្លៃ​ពី​តម្រូវការ ក៏ដូចជា​ភាព​ប្រឈម​នានា​ទាក់ទង​និង​ការ​ខ្វះ​ខាត​​ទឹក​សម្រាប់​ផ្គត់​ផ្គង់ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រសួង ពិនិត្យ​ពិចារណាដោះស្រាយ​នៅ​ចំពោះមុខ។ ប្រតិបត្តិ​ករ​ទឹកស្អាត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នោះបាន​ថ្លែងថា កន្លងមក​ពិតជា​មាន​ការ​ធ្វេ​សប្រហែស​ចំពោះ​ការផលិត​ទឹកស្អាត​នេះ​មែន ដោយសារ​មុន​មិនសូវមាន​បច្ចេកទេស និង​មាន​សម្ភារទំនើប​ប្រើ​ប្រា​ស់​ក្នុង​អាជីវកម្ម ប៉ុន្ដែ​ខណៈ​នេះ រោងចក្រ​របស់លោក​មា​ន​សម្ភារទំនើបៗប្រើប្រាស់ និង​បាន​រៀនសូត្រ​ពី​បច្ចេកទេស​ផង​ដែរ។ លោក​បន្តថា រោងចក្រ​ផលិត​ទឹកស្អាត​របស់លោក​តែងតែ​គោរព​តាម​អនុសាសន៍​របស់​មន្ត្រី​ជំនាញ​ក្រសួង និង​មន្ទីរ​ឧ​ស្សា​ហកម្ម និង​សិប្បកម្ម​នៅតាម​បណ្តា​ខេត្ត ព្រោះ​ពួកគាត់​បាន​បង្រៀន​ពី​ប​ច្ចេ​កទេស​ទាំងអស់នេះ។ លោកថា៖«អត់​ទេ! រោងចក្រ​ខ្ញុំ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺមាន​ការគាំទ្រ​ច្រើន​ពី​អ​ថិ​តិ​ជន ហើយ​ខាង​មន្ទីរជំនាញ ក៏បាន​ចេញ​ប័ណ្ណ​ស​សើ​រដែរ ព្រោះ​ឥ​ឡូវ​នេះ ខ្ញុំ​ធ្វើ​ស្អាត​ណាស់ ព្រោះ​ខ្ញុំ​គិតគូរ​ពី​សុខ​ភាពជា​ចម្បង»៕
អត្ថបទដោយ: Koemsoeun