ខេត្តព្រះសីហនុ: ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីថ្ងៃទី៦ កុម្ភៈ បានប្រាប់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុឱ្យណែនាំដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ត្រូវតែក្រាលថ្មក្រានីតដែលមាននីវ៉ូគោលស្មើគ្នាតែមួយនៅខាងមុខទីតាំងខ្លួន ដើម្បីរៀបចំឱ្យមានផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានយន្តសម្រាប់សាធារណជនអាចធ្វើចរាចរបាន។
លិខិតជម្រាបជូនចុះថ្ងៃទី ៦ កុម្ភៈដែលមានហត្ថលេខារបស់លោក ជា សុផារ៉ា សរសេរថា តម្រូវឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ សំណង់ និងម្ចាស់កម្មសិទ្ធិដីឡូតិ៍ដែលកំពុងអភិវឌ្ឍ សាងសង់ ឬបានសាងសង់រួច រៀបចំក្រាលថ្មត្រានីតលើចិញ្ចើមផ្លូវនៅពីមុខទីតាំងអចលនវត្ថុរបស់ខ្លួន ដើម្បីធ្វើផ្លូវថ្មើរជើង និងទោចក្រយានយន្ត។
លោក ជា សុផារ៉ា បញ្ជាក់ថា៖«ដើម្បីធានាបាននូវសោភ័ណភាពសាធារណៈ ទាក់ទាញភ្ញៀវទេសចរណ៍ និងលើកកម្ពស់ការធ្វើដំណើរដោយថ្មើរជើង ប្រកបដោយសុខសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណៈជន ខ្ញុំស្នើ ឯកឧត្តម ណែនាំដល់ម្ចាស់អចលនវត្ថុទាំងអស់ដូចដែលមានរៀបរាប់ខាងលើ»។
លោកបន្ថែមថា ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អគារការិយាល័យ អគារស្នាក់នៅ សំណង់ និងម្ចាស់កម្មសិទ្ធិដីឡូត៍ ដែលកំពុងសាងសង់ ឬបានសាងសង់រួច ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីការធ្វើសមាហរណកម្ម និងការតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ ស្របតាមបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទីតាំងភូមិសាស្រ្ត និងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភណ្ឌភាព បរិស្ថានល្អ និងសុខដុមរមនាជាមួយនឹងអ្នកជិតខាង និងសាធារណជន។
ឆ្លើយតបនឹងសេចក្ដីណែនាំនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា លោកកំពុងជាប់រវល់ប្រជុំលើបញ្ហានេះ ដោយមិនអាចនិយាយនាពេលនេះបានទេ។ ប៉ុន្ដែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖«សេចក្ដីណែនាំពីថ្នាក់លើហើយ យើងត្រូវតែគោរពតាម ហើយវាក៏ជាអ្វីដែលរដ្ឋបាលខេត្តកំពុងធ្វើដែរ។ ដូចខ្ញុំបានជម្រាបអ៊ីចឹង គឺយើងកំពុងធ្វើវាហើយ»៕