កំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មី៧ មានទុនវិនិយោគខ្ទង់លានដុល្លារ

កំពង់ស្ពឺទទួលបានគម្រោងវិនិយោគថ្មី៧ មានទុនវិនិយោគខ្ទង់លានដុល្លារ

កំពង់ស្ពឺ៖ កម្ពុជាក៏ជាប្រទេសមួយដែលកំពុងទទួលរងសម្ពាធពីវីរុសកូវីដ១៩ មិនខុសពីប្រទេសជាច្រើនលើពិភពលោកនោះទេដែលជាមូលហេតុជម្រុញឲ្យសេដ្ឋកិច្ចនៅតាមប្រទេសនិមួយៗ មានការធ្លាក់ចុះ ដោយសារគម្រោងវិនិយោគជាច្រើនត្រូវបានផ្អាក។

ដោយឡែកប្រទេសកម្ពុជាក៏មានផលប៉ះពាល់លើវិស័យវិនិយោគធ្វើឲ្យមានការផ្អាកសកម្មភាពអាជីវកម្មខ្លះៗ ក្នុងនោះមាន សណ្ឋាគារ កាស៊ីណូ ក្លឹមកំសាន្ត រោងចក្រជាដើម ក៏ប៉ុន្តែទន្ទឹមនឹងការផ្អាកនូវអាជីវកម្មមួយចំនួន កម្ពុជាក៏ទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ទោះបីស្ថិតក្នុងកាលៈទេសៈប្រឆាំងនឹងវីរុសកូវីដ១៩ ក៏ដោយ។

ក្នុងនោះគេក៏សង្កេតឃើញខេត្តកំពង់ស្ពឺគឺជាគោលដៅចំបងសម្រាប់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកមានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗខេត្តនេះទទួលបានគម្រោងវិនិយោគបន្ថែម៧ មានទុនវិនិយោគរហូតដល់ ៨០លានដុល្លារគិតត្រឹមថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ប៉ុណ្ណោះ។ គម្រោងវិនិយោគទាំង៧ រួមមាន៖

១.រោងចក្រផលិតសំបកកង់ និងគ្រឿងបង្គុំរថយន្ត មានទីតាំងស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣២,៩លានដុល្លារ។

២.រោងចក្រផលិតគ្រឿងតុបតែងសក់ ស្ថិតក្នុងភូមិសម្ដេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១១,៦លានដុល្លារ។

៣.រោងចក្រផលិតបន្ទះសូឡា ស្ថិតក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៧,៩លានដុល្លារ។

៤.រោងចក្រកែច្នៃដែកគ្រប់ប្រភេទស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១៦,៧លានដុល្លារ។

៥.រោងចក្រផលិតកេសកាតុងនិងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ស្ថិតក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។

៦.រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតក្នុងភូមិឯកភាព ឃុំខ្ចុំត្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,២លានដុល្លារ។

៧.រោងចក្របង្កើតកាបូបនិងថង់យួរ ស្ថិតក្នុងភូមិទួលធ្នង់ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៤,៧លានដុល្លារ៕

អត្ថបទដោយ: Nary