វិធីតុបតែង​ផ្ទះឱ្យស្អាតដែលអ្នកគួរតែសាកល្បងនៅថ្ងៃនេះ

វិធីតុបតែង​ផ្ទះឱ្យស្អាតដែលអ្នកគួរតែសាកល្បងនៅថ្ងៃនេះ
តើអ្នកមានផ្ទះក្នុងក្តីស្រម៉ៃហើយឬនៅ? ចុះក្រៅពីមានក្នុងក្តីស្រម៉ៃ តើអ្នកមានដឹងពីរបៀបរៀបចំផ្ទះឱ្យមើលទៅគួរឱ្យចង់រស់នៅ និង មានផាសុខភាពឬទេ? ទាំងអស់នេះជាអ្វីដែលអ្នកគួរតែពិចារណាក្នុងការរៀបចំគេហដ្ឋានឲ្យបានស្អាត គួរជាទីចាប់អារម្មណ៍៖ ១. ថ្នាំ​លាប​ជញ្ជាំង ប្រាកដណាស់ អ្នកអាចជ្រើសរើស​ពណ៌លាបណាមួយដែលអ្នកស្រឡាញ់ ហើយ​ត្រូវនឹង​​​បុគ្គលិក​លក្ខណៈ​របស់​អ្នក។ ក្រៅពីនេះមានពណ៌មួយចំនួនដែលអ្នកអាចពិចារណាយកមកលាបបាន ដូចជា​ពណ៌​លឿង​​ដូច​​មាស ឬ​ បៃតង​ស្រាល ដែលវា​អាចជួយធ្វើឱ្យ​​​អារម្មណ៍​អ្នករីករាយស្រស់ស្រាយ។ ​សម្រាប់​អ្នកដែលចូលចិត្តអារម្មណ៍​ស្ងប់ស្ងាត់អាចជ្រើសរើស​ពណ៌​ប្រផេះ​ ឬ​ពណ៌​ខៀវ​។ សូមកុំ​​ទាន់​​​លាប​ពណ៌​បែបជាប់យូរពេក ប៉ុន្តែអ្នកអាចលាបពណ៌ណាមួយដែលអ្នកគិតថាស័ក្តិសមនឹងអ្នកបំផុតវិញ។ ២. សាកល្បង​គ្រឿង​សង្ហារឹម​ថ្មីៗ តើអ្នកធ្លាប់លឺពាក្យថា ចាស់មិនទៅថ្មីមិនមកដែរឬទេ? ឃ្លានេះគឺត្រឹមត្រូវបំផុតសម្រាប់រៀបចំគេហដ្ឋានរបស់អ្នក។ សូមចោលរបស់ចាស់ៗដែលមិនត្រូវការហើយទុក​តែ​​​​គ្រឿង​សង្ហារឹម​ថ្មីៗ​ក្នុង​ផ្ទះ ដោយជ្រើសរើស​តែ​ទំហំដែល​​ស័ក្ដិសមនិងដែល​មាន​ពណ៌​និង​រចនាបថ​​ត្រូវ​​នឹងរសនិយមរបស់អ្នក។អ្នកអាចរកមើលកាតាលុករូបភាពគ្រឿងសង្ហារឹមផ្សេងៗដើម្បីបានជាគំនិតថ្មីៗ ។ អ្នកមិនគួរជ្រើសរើសគ្រឿងសង្ហារឹមដែលមានពណ៌ដូចគ្នាទាំងអស់ទេប្រសិនបើអ្នកចង់បានគេហដ្ឋានដែលមើលទៅទាន់សម័យ។ ៣. ប្រើប្រាស់​​​​ទូរនិង​តុ​​តុបតែង លោកអ្នកគួរជ្រើសរើសទូរដែលមានម៉ូតស្អាតៗដើម្បីតាំងនូវរបស់របរផ្សេង ដែលនេះក៏ជាសិល្បះនៃការតុបតែងម្យ៉ាង។ប៉ុន្តែដើម្បីកុំឲ្យមើលទៅមានភាពរញ៉េរញៃ អ្នកអាចរក​មើល​​​ទូ​រនិង​តុ ដែល​​មាន​ថត​​​ច្រើន​ មាន​ទ្វា​បិទ ធ្នើរ​សៀវភៅ​ធំៗ និង​ប្រអប់​ធំៗ​​ដើម្បីរក្សាររបស់របរឲ្យមានសណ្តាប់ធ្នាប់។ សម្រាប់ស្បែកជើងវិញ អ្នកគួរប្រើទូរឬថតដែលអាចបិទជិត។ សម្រាប់ធ្នើរ​​ជញ្ជាំងក្នុងបន្ទប់នីមួយៗ​​ត្រូវ​​លាប​ថ្នាំ​ឱ្យស្អាតនិងឱ្យស៊ី​គ្នា​នឹង​បន្ទប់​។ បច្ចុប្បន្ននេះទូរសៀវភៅខ្លះត្រូវបានរចនាដោយមិនមែនអាចប្រើសម្រាប់តែដាក់សៀវភៅប៉ុណ្ណោះទេ នេះមានន័យថាលោកអ្នកក៏អាចប្រើទូរដាក់សៀវភៅប្រភេទដូចរូបខាងក្រោមយកទៅប្រើក្នុងផ្ទះបាយ ឬ បន្ទប់ទទួលភ្ញៀវបាន។ នៅ​ពេល​ទិញ​គ្រឿង​សង្ហារឹម​ថ្មីៗ​ សូម​ព្យាយាម​រើស​យក​ប្រភេទ​ដែល​មាន​ថត​​បិទ​ជិត​ នោះលោកអ្នកនឹងអាចប្រើប្រាស់វាបានច្រើនរបៀប។ ៤. ជួសជុល និង​កែច្នៃ​​ឡើងវិញ ​បើ​អ្នក​គ្មាន​​លទ្ធភាព​ទិញ​ថ្មី អ្នកអាចសាកល្បងកែច្នៃគ្រឿងសង្ហារឹមដូចជាការលាប​ថ្នាំ​ពណ៌ថ្មី ដើម្បី​ឱ្យមាន​ភាព​ស៊ី​គ្នានឹង​កន្លែង​របស់​អ្នក។ អ្នកក៏គួរសាកល្បង​ផ្លាស់ប្ដូរ​ទីតាំង​គ្រឿង​សង្ហារឹមឲ្យមើលទៅប្លែកភ្នែក ប្លែកអារម្មណ៍បានផងដែរ។
អត្ថបទដោយ: Dara