CDC អនុម័តគម្រោងរោងចក្រថ្មី៨ ជាមួយទុនវិនិយោគជិត ៥០លានដុល្លារនៅដើមខែកុម្ភៈ

CDC អនុម័តគម្រោងរោងចក្រថ្មី៨ ជាមួយទុនវិនិយោគជិត ៥០លានដុល្លារនៅដើមខែកុម្ភៈ
នៅដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៨ ហើយ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៥០លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន៤  ដែលមានទុនវិនិយោគប្រមាណជាង ៣០លានដុល្លារអាមេរិក ត្រូវបាន CDC សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ នៅថ្ងៃ​ទី៧​ ខែកុម្ភៈ ២០១៩នេះ។ ចំណែក្រុមហ៊ុន៤ ទៀត ដែលមាន​ទុនវិនិយោគ​ប្រមាណជាង ១៥លានដុល្លារ ត្រូវបាន CDC សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។   ក្រុមហ៊ុន៤  ដែលត្រូវបាន CDC សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ នៅថ្ងៃ​ទី៧​ ខែកុម្ភៈ ២០១៩នេះ មានដូចជា៖ ១- ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មាន​ទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានទុនវិនិយោគចំនួន ១០លានដុល្លារ។ ២- ក្រុមហ៊ុន TUBAO (CAMBODIA) DECORATION MATERIAL CO., LTD មាន​គម្រោងបង្កើត​រោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានទុនវិនិយោគចំនួន ១,៥លានដុល្លារ។ ៣- ក្រុមហ៊ុន ZHONGQI LIHUI CABLE CO., LTD មានគម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០,១លានដុល្លារ។ ៤- ក្រុមហ៊ុន WINTIME (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,៤៣លានដុល្លារ។ ចំណែកក្រុមហ៊ុន៤ ទៀតដែលត្រូវបាន CDC សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានដូចជា៖ ១- ក្រុមហ៊ុន SHINING (CAMBODIA) BELT & BAG CO., LTD មានគម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ ៣,៣៦លានដុល្លារ។ ២- ក្រុមហ៊ុន FIDELITY (CAMBODIA) HANDBAG FACTORY CO., LTD មានគម្រោងបង្កើត​រោងចក្រផលិត​កាបូបគ្រប់ប្រភេទ នៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ ៣,៦០លានដុល្លារ។ ៣- ក្រុមហ៊ុន PARTAGE (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅ ស្រុង​សំរោងទង ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ ៥,៦៨លានដុល្លារ។ ៤- ក្រុមហ៊ុន JIN BAO LI (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតកាបូប និងគ្រឿងបន្សំកាបូបគ្រប់ប្រភេទ នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ ២,៣៧លានដុល្លារ។ គួរបញ្ជាក់ផងដែរថា​ នៅក្នុងខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចបានសម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន១៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៧០លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទដោយ: Chanveasna