អាស៊ីវេរលុយនាំយកបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទដៃដ៏ទំនើបមកកម្ពុជា

អាស៊ីវេរលុយនាំយកបច្ចេកវិទ្យាទូទាត់តាមទូរស័ព្ទដៃដ៏ទំនើបមកកម្ពុជា
ភ្នំពេញ: ដោយមើលឃើញពីការប្រើប្រាស់ប្រព័ន្ធ QR Code កាន់តែពេញនិយមនៅកម្ពុជា អាស៊ីវេរលុយ (Asia Wei Luy) បានចាប់យកបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកមួយនេះ មកផ្តល់ជូនប្រជាជនកម្ពុជា ខណៈចំនួនអ្នកប្រើប្រាស់ប្រព័ន្ធស្កេនទូទាត់តាមទូរស័ព្ទដៃនេះ កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ឈ គង់ផេង អគ្គនាយកក្រុមហ៊ុន Asia Cash Express Co., Ltd ឫ ហៅកាត់ថា Asia Wei Luy បានថ្លែងប្រាប់សារព័ត៍មាន KHB Media ថា អាស៊ីវេរលុយបាននាំយកប្រព័ន្ធស្កេន (QR Code) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកមកប្រើប្រាស់ក្នុងអាជីវកម្ម និងសម្រាប់បម្រើជូនអតិថិជនរបស់ខ្លួន ដើម្បីសម្រួលដល់ការទូទាត់ចំណាយជាប្រចាំថ្ងៃតាមរយៈការស្កេន QR Code។ លោកបន្តថា ប្រព័ន្ធស្កេន (QR Code) ពិតជាមានអត្ថប្រយោជន៍ច្រើនចំពោះការទូទាត់ចំណាយរបស់ប្រជាជន ដោយគ្រាន់តែកាន់ទូរស័ព្ទស្មាតហ្វូនមួយ បើទោះបីជាគាត់ចង់ទិញកាហ្វេមួយកែវ ទឹកសុទ្ធមួយដប និងទិញទំនិញផ្សេងៗ ពោលគឺមិនចាំបាច់ដាក់លុយជាប់ខ្លួន ឬស្ពាយកាបូបលុយតាមខ្លួនជាប្រចាំទេ។ លោកអគ្គនាយករូបនេះបន្តថា អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់អាស៊ីវេរលុយ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនលើសពីការរំពឹងទុក ដោយគាត់គ្រាន់តែចងចាំលេខសម្ងាត់ (Password) ឲ្យបានល្អនោះ អតិថិជនអាចប្រើប្រាស់ការទូទាត់ការចំណាយផ្សេងៗតាមរយៈស្កេន QR Code ដោយអាចផ្ទេរលុយពីគណនីមួយទៅគណនីមួយផ្សេងទៀត ហើយអាចដកលុយនៅតាមគ្រប់សាខា និង ភ្នាក់ងាររបស់អាស៊ីវេរលុយនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ដូច្នេះអតិថិជនចំណេញពេលវេលាច្រើន ដោយមិនចាំបាច់ធ្វើដំណើរទៅទូទាត់លុយដល់ទីកន្លែងផ្ទាល់ទេ។ លោក គង់ផេង បានបញ្ជាក់ថា៖«យើងបានឃើញក្រុមហ៊ុនធំៗមួយចំនួនដែលកំពុងផ្តល់សេវាកម្មពាក់ព័ន្ធនឹងការទូទាត់ចំណាយតាមរយៈការស្កេន QR Code កំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារកម្ពុជា។ ក្នុងនោះអាស៊ីវេរលុយ ក៏មិនខុសពីក្រុមហ៊ុនទាំងនោះដែរ ដោយកំពុងប្រឹងប្រែងរិះរកកម្មវិធីថ្មីៗ និង សេវាកម្មថ្មីៗសម្រាប់ប្រកួតប្រជែង និងដាក់ជូនអតិថិជនប្រើប្រាស់ប្រកបដោយភាពងាយស្រួល ចំណាយពេលវេលាតិច រហ័សទាន់ចិត្ត សុវត្ថិភាព និងមានទំនួលខុសត្រូវខ្ពស់»។ លោកបន្តថា អាស៊ីវេរលុយបានដំឡើងអែប (App) ទាំងប្រព័ន្ធទូរសព្ទ Android និង IOS សម្រាប់ដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការរួចហើយ ដោយគ្រាន់តែដោនឡូត (Download) ដាក់លើទូរស័ព្ទស្មាតហ្វូន (Smartphone) របស់ខ្លួន ហើយបើកគណនី និងដាក់បញ្ចូលលុយនៅតាមសាខាភ្នាក់ងារអាស៊ីវេរលុយណាមួយដែលនៅជិតលោកអ្នកជាការស្រេច។ នៅពេលប្រើប្រាស់អតិថិជនគ្រាន់តែស្កេនមេដៃ ឬស្កេនមុខអាចបើកគណនី និងប្រើប្រាស់តាមការណែនាំនៅលើអែបនោះ។ គួរបញ្ជាក់ផងដែរថា សេវាកម្មរបស់អាស៊ីវេរលុយមានច្រើនប្រភេទដូចជា ទូទាត់ចំណាយផ្សេងៗជាមួយ Asia Pay QR Code ទិញកាតទូរស័ព្ទនៅកម្ពុជា ថៃ និង វៀតណាម ទូទាត់ថ្លៃទឹក/ភ្លើង ទូទាត់ជាមួយគ្រិះស្ថានហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង និងទូទាត់ថ្លៃសិក្សាជាដើម។ នាពេលអនាគត អាស៊ីវេរលុយមានផែនការនាំយកបច្ចេកវិទ្យាទូទាត់ចំណាយដ៏ទំនើប និង ងាយស្រួលជាងនេះទៀតមកកម្ពុជា ខណៈក្រុមហ៊ុននឹងនៅតែបន្តផ្តោតលើការអប់រំ និងបណ្តុះបណ្តាលឲ្យសាធារណៈជនទូទៅបានយល់ពីអត្ថប្រយោជន៍នៃសេវាកម្មរបស់អាស៊ីវេរលុយបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីដំណើរការតាំងពីឆ្នាំ២០១៥មក បច្ចុប្បន្នអាស៊ីវេរលុយមានដៃគូរទូទាត់ប្រាក់ប្រមាណ ៥ម៉ឺនទីតាំងនៅទូទាំងប្រទេស ជាមួយនឹងអតិថិជនដែលកំពុងប្រើប្រាស់ App អាស៊ីវេរលុយប្រមាណជាង ៨ម៉ឺននាក់ផងដែរ៕  
អត្ថបទដោយ: Vutha