បើកទំព័រឆ្នាំថ្មី អាណាចក្រជំនួញជីបម៉ុង បើកគម្រោងវិនិយោគ​ធំៗនៅកម្ពុជា

បើកទំព័រឆ្នាំថ្មី អាណាចក្រជំនួញជីបម៉ុង បើកគម្រោងវិនិយោគ​ធំៗនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនពហុអាជីវកម្ម ជីបម៉ុង គ្រុប ដែមានក្រុមហ៊ុនបុត្តសម្ព័ន្ធជាង ១០ក្រុមហ៊ុន វិនិយោគស្ទើរគ្រប់វិស័យ ហើយត្រូវបានគេប្រសិទ្ធិនាមថាជា “អាណាចក្រជំនួញ” នៅកម្ពុជា បានប្រកាសវិនិយោគលើគម្រោងផ្ទួនៗគ្នា មានដូចជាអគារពាណិជ្ជកម្មចម្រុះ ធនាគារពាណិជ្ជ ផ្សារទំនើប​​ និងអគារការិយាល័យរបស់ខ្លួន កាលពីខែមករា នាដើមឆ្នាំ២០១៩នេះ។​​ បុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គឺក្រុមហ៊ុន រ៉ូយាល់ហ្វីល ឌីវេឡុបមិន បានបើកការដ្ឋាន​សាង​សង់អគារពាណិជ្ជកម្មចម្រុះមួយស្ថិតនៅតាមបណ្តោយវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាស៧ មករា កាលពីថ្ងៃទី១៤ មករាកន្លងទៅនេះ ​ជាមួយដើមទុនវិនិយោគប្រមាណជាង​ ១៥០ ដុល្លារអាមេរិក។ អគារពាណិជ្ជកម្មចម្រុះនេះមានកម្ពស់ ៤៥ ជាន់ រួមមានដូចជា សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ​បី គឺសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ អគារការិយាល័យទំនើប រោងភាពយន្តខ្នាតធំស្កាយបារ និងផ្សារទំនើបកម្ពស់ ៥ជាន់ ជាដើម។ ពិធីបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្មចម្រុះ របស់ក្រុមហ៊ុនជីប ម៉ុង គ្រុប ។ រូបភាព៖ ChipMong Group ក្រៅពីគម្រោងសាងសង់អគារពាណិជ្ជកម្មចម្រុះ ក្រុមហ៊ុនជីប ម៉ុង បានបោះជំហានថ្មីមួយទៀតក្នុងវិស័យហិរញ្ញវត្ថុ ពោលគឺធនាគារជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី ២១ មករា  ស្ថិតនៅលើមហាវិថីម៉ៅ សេទុង។ ​ធនាគារ​នេះនឹងផ្តោតលើការផ្តល់ជូនសេវាកម្មបែបឌីជីថល ដូចជាការទូទាត់សាច់ប្រាច់តារយៈ”បារកូដ” និងការផ្ទេរសាច់ប្រាក់តាមទូរស័ព្ទដៃជាដើម។ របាយការណ៍ស្តីពីទិដ្ឋភាពទីផ្សាអចលនទ្រព្យនៅកម្ពុជារបស់ក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជាបានបង្ហាញថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាទូទាត់សាច់ប្រាក់នៅកម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុ ឬហៅថា Fintech ជាចលករដ៏សំខាន់មួយក្នុងការរួមចំណែកនៃវិស័យលក់រាយនៅកម្ពុជា ពោលគឺបង្កភាពងាយស្រួលដល់អ្នកទិញទំនិញក្នុងផ្សារទំនើប មានសុវត្ថិភាព និងលឿនរហ័ស​ខណៈដែលវត្តមានធនាគារផ្តល់សេវាកម្មបែបឌីជីថលរបស់ក្រុមហ៊ុន ជីប ម៉ុង អាចនឹងរួមចំណែកក្នុងការឆ្លើយតបនៃការអភិវឌ្ឍផ្សារទំនើបរបស់ខ្លួននៅកម្ពុជា។ បើតាមការអះអាងរបស់ក្រុមហ៊ុនជីប ម៉ុង ក្នុងសន្និសីទសារព៌ត៌មានមួយកាលពីថ្ងៃទី ២៣ ខែមករា កន្លងទៅនេះ ផ្សារទំនើបចំនួន២ របស់ក្រុមហ៊ុននឹងបើកដំណើការក្នុងត្រីមាសទី៣ នាឆ្នាំ២០១៩ ហើយបីឆ្នាំខាងមុខទៀ​ត ក្រុមហ៊ុននឹងសាងសង់ផ្សារទំនើបចំនួន៦បន្ថែមទៀតនៅទូទាំងរាជធានីភ្នំពេញ  ជាពិសេសក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុនជីប ម៉ុង​លែន។ ម្យ៉ាងវិញទៀត​ ក្រុមហ៊ុនជីប ម៉ុង ក៏បានទិញយកអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Parkway Square ដើម្បីស្ថាបនាឡើងវិញធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន។ អគារ Parkway Squareនេះ ត្រូវបានរុះរើដើម្បីស្ថាបនាឡើងវិញកាលពីចុងឆ្នាំ ២០១៨ ហើយអាចដំណើការនៅខែ មិថុនា ឬខែកក្កដាឆ្នាំ២០១៩នេះ​។ គួរជម្រាបថា អាណាចក្រជំនួញជីប ម៉ុង​ កំពុងប្រតិបត្តិការអាជីវកម្មជាច្រើនវិស័យនៅកម្ពុជា​ដូចជា ការផ្គត់ផ្គង់សម្ភារសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រារបៀរនិងភេសជ្ជៈ ចំណីសត្វឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប និង​វិស័យហិរញ្ញវត្ថុ៕
អត្ថបទដោយ: Bunthoeun