ត្រីមាសទី១ឆ្នាំនេះ ដីសម្រាប់សង់រោងចក្រសហគ្រាសកាន់តែឡើងថ្លៃ ខណៈដីឡូតិ៍ស្ងាត់ភ្ញៀវ

ត្រីមាសទី១ឆ្នាំនេះ ដីសម្រាប់សង់រោងចក្រសហគ្រាសកាន់តែឡើងថ្លៃ ខណៈដីឡូតិ៍ស្ងាត់ភ្ញៀវ
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ និងអ្នករកស៊ីពុះដីឡូតិ៍លក់បានបង្ហាញពីភាពវិជ្ជមាន និងអវិជ្ជមានលើការរកស៊ីអចលនទ្រព្យក្នុងត្រីមាសទី១ ឆ្នាំ២០១៩ថា តម្លៃដីសម្រាប់សង់រោងចក្រសហគ្រាសកាន់តែឡើងថ្លៃ ខណៈដីឡូតិ៍ហាក់ដូចជាស្ងាត់ភ្ញៀវបន្តិច បើប្រៀបធៀបមុនដំណាច់ឆ្នាំ២០១៨។ លោកស្រី ជៀម សំណាង​ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Lucky Property Service បានប្រាប់ KHB Media នៅថ្ងៃទី២ខែកុម្ភៈថា ដីនៅគ្រប់កន្លែងដែលជាប្រភេទដីសម្រាប់គម្រោងធំៗដូចជា ដីសាងសង់រោងចក្រ ដីសម្រាប់សហគ្រាស ដីធ្វើក្រុមហ៊ុននិងដីសម្រាប់ធ្វើឃ្លាំងធំៗមិនមានសញ្ញាណាមួយធ្លាក់ចុះថ្លៃនោះឡើយ។ លោកស្រីបានបញ្ជាក់ថា៖« គម្រោងដីធំៗនៅតែមានភ្ញៀវតាមទិញ តាមសួរអញ្ចឹងឱ្យតែយើងមានអ្នកលក់ពិត អ្នកទិញពិត ភាគច្រើនគឺគេទិញហើយ ខ្លាចតែអ្នកកាន់ដីខ្យល់ អ្នកលក់ខ្យល់នោះទេ»។ លោក គង់ សាវ៉ាត អ្នករកស៊ីលក់ដីឡូតិ៍នៅម្តុំភូមិត្រាំខ្នារ ឃុំសុភី ស្រុកបាទី ខេត្តតាកែវ បានឱ្យដឹងថា អ្នកទិញដីឡូតិ៍ឥឡូវនេះដូចជាស្ងាត់ មិនសូវពុះកញ្រ្ជោលដូចឆ្នាំ២០១៨ទេ ហើយសភាពស្ងាត់អតិថិជននោះ គឺចាប់ផ្តើមពីដើមឆ្នាំ ២០១៩នេះតែម្តង មិនដូចប៉ុន្មានខែមុន គឺមានភាពកុះករណាស់។ យ៉ាងណាក៏ដោយ លោក សាវ៉ាត បានអះអាងថា ភាពស្ងាត់នេះក៏មិនសូន្យឈឹងនោះដែរ គឺលក់ដាច់ខ្លះដែរ គ្រាន់តែមិនសូវសម្បូរភ្ញៀវដូចពីមុន។ កាលពីចុងឆ្នាំ២០១៨កន្លងទៅ អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អះអាងប្រាប់អ្នកសារព័ត៌មានថា តម្លៃដីធ្លីនឹងស្ថិតក្នុងរង្វង់ជាមធ្យម ៧ភាគរយរយៈពេលមួយទសវត្សខាងមុខទៀតដោយផ្អែកលើមូលដ្ឋាននៃការសិក្សាជាមួយប្រទេសជិតខាងដែលមានស្ថានភាពស្រដៀងលើវិស័យអចលនទ្រព្យ៕
អត្ថបទដោយ: Sereyrath