ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលគេស្គាល់ថា ស្ពានជ្រោយចង្វារទី១នោះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ។ ប៉ុន្ដែមិនទាន់បង្ហាញពេលវេលាជាក់លាក់នៅឡើយទេបន្ទាប់ពីជួសជុលសម្រេចបាន ៩៣ភាគរយ។
លោក វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ថ្នាក់ដឹកនាំក្រសួងសារធារណៈការ និងដឹកជញ្ជូន គ្រោងនឹងស្នើសុំការអនុញ្ញាតពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសុំគោលការណ៍បើកដំណើរការស្ពានជ្រោយចង្វារទី១នេះបណ្ដោះអាសន្នសិន ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបន្តថា រហូតមកដល់ពេលនេះ ការជួសជុលឡើងវិញនៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន សម្រេចបានលទ្ធផលប្រមាណ ៩៣ភាគរយ លឿនជាងការគ្រោងទុក១៤ភាគរយ ដោយអ្នកបច្ចេកទេសកំពុងរៀបចំដាក់តួធ្នឹមស្ពាន និងអំពូលភ្លើងបំភ្លឺថ្មីនៅលើស្ពាន ក្រោយពីបានជួសជុលរួចទាំងស្រុងក្បាលសងខាងស្ពាន និងតួស្ពាន ព្រមទាំងបានសម្រេចការងារមួយចំនួនដូចជាការអ៊ុតផ្លូវកៅស៊ូថ្មី ការលាបពណ៌ដែកនៅលើបង្គំតួស្ពាន ការប្តូរបង្កាន់ដៃថ្មីនៅលើតួស្ពានផ្នែកកណ្តាលទន្លេនោះ។
លោក វ៉ាស៊ឹម សុរិយា បញ្ជាក់ថា៖«យើងសម្រេចបាន ៩៣ភាគរយហើយៗគ្រោងសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីដាក់ឱ្យដំណើរការបណ្ដោះអាសន្នសិននៅមុនបុណ្យចូលឆ្នាំខ្មែរយើងនេះ។ ប៉ុន្ដែខ្ញុំមិនទាន់ដឹងពេលវេលាច្បាស់លាស់ទេ ហើយសង្ឃឹមថា សម្ដេចតេជោនឹងអនុញ្ញាត ព្រោះវាជួយសម្រួលចរាចរណ៍ ពេលបងប្អូនយើងគាត់ទៅលេងស្រុកកំណើត»។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាប្រធានប្រតិបត្តិគម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុនបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងនិងក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់បានខិតខំប្រឹងប្រែងសម្រុកការជួសជុលឡើងវិញទាំងថ្ងៃទាំងយប់ ដើម្បីសម្រេចគម្រោងនេះបានមុនកាលបរិច្ឆេទដែលបានគ្រោងទុកសម្រាប់ប្រយោជន៍បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបន្តថា បើផ្អែកលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន គម្រោងស្តារឡើង វិញស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ក្រោយពីបានផ្អាកដំណើរឆ្លងកាត់ ដើម្បីជួសជុលឡើងវិញកាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ទៅលើផ្នែកទ្រុឌទ្រោមខ្លាំង នៅផ្នែកខាងក្រោម និងមានសសរជាច្រើនប្រះស្រាំ ដោយមិនអាចទ្រនឹងទម្ងន់បាន។
គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រហែល៣៣លានដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលកាលដើមឡើយមានឈ្មោះថាស្ពានជ្រោយចង្វារ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៦ ប៉ុន្តែក្រោយមកត្រូវបានកាត់ផ្ដាច់នៅក្នុងរបបខ្មែរក្រហម ហើយត្រូវបានជួសជុល និងភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៥ ក្រោមជំនួយរបស់ប្រទេសជប៉ុន៕