ខេត្តកំពង់ធំ: ប្រជាពលរដ្ឋក្រីក្រ និងទុរគតជនប្រមាណជាង ៧០០គ្រួសារ នៅក្នុងនៅថ្ងៃទី ០១កុម្ភៈ ត្រូវបានអាជ្ញាធរខេត្តចែកដីជូនពួកគាត់តាមរយៈដីសង្គមកិច្ច និងដីអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ធ្វើជាកន្លែងសាងសង់លំនៅឋាន និងដីឡូត៍សម្រាប់ធ្វើកសិកម្មស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នេះបើតាមលោក សុខ លូ អភិបាលខេត្តកំពង់ធំ។
លោក សុខ លូ ដែលបានចូលរួមជាអធិបតីក្នុងពិធីចាប់ឆ្នោតយកលេខឡូត៍ដីលំនៅឋាន និងដីកសិកម្មជូនពលរដ្ឋបានមានប្រសាសន៍ថា ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម ជូនសម្បទានិកចំនួន ៧២៩គ្រួសារ ដែលជាប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចមកពីភូមិទាំង៨របស់ឃុំដូង។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជាជំហាន២ (LASED II)នេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយធនាគារពិភពលោក(WB) ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II ថ្នាក់ជាតិ និងសហការី នៅក្នុងបរិវេណវត្តជ័យរតនៈរង្សី ហៅវត្តក្របៅ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
លោកសុខ លូ បានបញ្ជាក់ថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅលើដីសម្បទានសង្គមកិច្ច ហើយតាមផែនការគម្រោងនឹងផ្តល់ជូនប្រជាពលរដ្ឋនៅពេលចូលតាំងទីលំនៅដំបូងនូវសម្ភារសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន ២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន ០៦មុខដើមឈើហូបផ្លែចំនួន ០៥មុខ ក្នុងមួយគ្រួសារៗព្រមទាំងគ្រាប់ពូជផ្សេងៗ។
ទន្ទឹមនឹងនេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម។
លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០ដុល្លារអាមេរិក ក្នុងមួយគ្រួសារៗ ដើម្បីពង្រីកមុខរបរដាំដុះនិងចិញ្ចឹមសត្វ ហើយរាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។ លោកសុខ លូ លើកឡើងថា៖ «ចំពោះការចាប់ឆ្នោតនាពេលនេះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារៗទទួលបានដីឡូត៍លំនៅឋានទំហំ៣០ គុណ ៤០ម៉ែត្រ និងដីឡូត៍កសិកម្មទំហំ ២ហិកតាស្មើៗគ្នា»។
អ្នកស្រី សេង ឡៅ អាយុ ៥៨ឆ្នាំ រស់នៅឃុំដូងដែលជាអ្នកទទួលបានដីសង្គមកិច្ចនេះបានថ្លែងថា អ្នកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានទទួលដីពីរដ្ឋាភិបាល ជាពិសេស លោកអភិបាលខេត្តកំពង់ធំដែលបានជួយពួកគាត់។ អ្នកស្រីបន្តថា អាជ្ញាធរបានសន្យាជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ពលរដ្ឋ។
អ្នកស្រីអះអាងថា៖ «ពួកខ្ញុំបានចូលរួមក្នុងកម្មវិធីហ្នឹងដែរ ឯកឧត្តមអភិបាលខេត្តថា ចាំគាត់ជួយសាងសង់ស្អីៗហ្នឹងឱ្យ កុំបារម្ភអី។ គាត់ថា អ៊ីចឹង តែពួកខ្ញុំនៅបារម្ភថា អាជ្ញាធរធ្វើអត់បានដូចការសន្យា តែយ៉ាងណា យើងចាំមើលសិន»៕