វិទ្យាស្ថាន NTTI នឹងប្តូរទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតបច្ចេកវិទ្យាលើវិស័យវិស្វកម្មសំណង់ស៊ីវិល

វិទ្យាស្ថាន NTTI នឹងប្តូរទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតបច្ចេកវិទ្យាលើវិស័យវិស្វកម្មសំណង់ស៊ីវិល

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) នឹងប្តូរទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់ឱកាសដល់និស្សិតក្នុងការរិះរកនូវការបង្កើតថ្មី និងការស្រាវជ្រាវទាក់ទងនិងការអភិវឌ្ឍប្រកបដោយចីរភាព ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីនេះនឹងផ្តោតលើសកម្មភាពស្រាវជ្រាវ និងផ្តោតលើវិស័យវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា។នេះបើតាម ការឲ្យដឹងពីក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ថ្លែងក្នុងឪកាសនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា និងអបអរសាទរ ខួប ២០ឆ្នាំ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស កាលពីចុងខែធ្នូ កន្លងទៅ លោក អ៉ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា វិស័យវិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងព័ត៌មានវិទ្យា គី​សុទ្ធតែ​ជា​ជំនាញ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ និង​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ជាច្រើន​ទាំង​ឧស្សាហកម្ម​ សិប្បកម្ម​ និង​កសិកម្ម​ ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​បាន​សិក្សា​ និង​បង្កើត​នវានុវត្តន៍​សម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម​។

ជាងនេះទៀត លោករដ្ឋមន្រ្តី អះអាងថា ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ហេតុនេះ​ហើយ​ទើប​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទាំងអស់​នេះ​។

លោកថា វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ (NTTI​) ជាផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នេះ​ ទទួល​បាន​ជោគជ័យ​លើ​ការបង្កើត​ធនធានមនុស្ស​លើ​ជំនាញ​សំ​ខាន់​ៗជាច្រើន​។

ហេតុនេះ លោករដ្ឋមន្រ្តីថា NTTI​ ក្រៅពីក្លាយជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​បច្ចេក​វិទ្យាលើវិស័យវិស្វកម្មសំណង់ស៊ីវិលហើយនោះ មជ្ឈមណ្ឌលមួយនេះក៏ជា​កន្លែង​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ចែករំលែក​បទ​ពិសោធ​លើ​ជំនាញ​ជាច្រើន​រវាង​វិស័យ​ឯកជន​ និង​គ្រឹះស្ថាន​សាធារណៈ​នានា​នៅ​កម្ពុជា​។

បន្ថែមលើនេះ លោកថា សកម្មភាព​នេះ​ នឹងជួយ​ជំរុញ​ឱ្យ​សិស្ស​-និស្សិត​ ឬសិក្ខាកាម​ទាំងអស់​បាន​ទទួល​នូវ​ចំណេះដឹង​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ជាក់ស្តែង​ សម្រាប់​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​មុន​ចេញទៅ​ប្រកបការងារ​ ឬប្រកប​អាជីវកម្ម​ជាក់ស្តែង​នៅក្នុង​សង្គម​ ពិសេសដើម្ប​ឆ្លើយតបទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ថែមទៀត។

លោក​ អ៊ិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ «ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការអប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​ជាក់ស្តែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ ក្រសួង​ជំរុញ​ឱ្យ​មាន​ទំនើបកម្ម​ដោយ​ផ្ទាល់​ទៅ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ចំណុះ​របស់ក្រ​សួង​ការងារ​។លោក​រំពឹង​ថា​ នៅ​ទីនេះ​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ សមត្ថ​ភាព​បណ្តុះបណ្តាល​ និង​សមត្ថភាព​សិស្ស​នឹង​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ក្រោយ​ការ​ធ្វើ​ទំនើបកម្ម​»។

ពាក់ព័ន្ធនឹងលើកឡើងនេះ លោក ប៉ុង ដែល្លា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AGB Consulting ព្រមទាំងជាអ្នកជំនាញផ្នែកធនធានមនុស្សដល់ល្បីឈ្មោះនៅកម្ពុជា​មួយរូប បានបង្ហាញការគាំទ្រ​ចំពោះដំណឹងនេះ ព្រោះដើម្បី​ជា​ការជំរុញ​ឱ្យ​សិស្ស​-និស្សិត​ដែល​ភាគច្រើន​ជា​យុវជន​ចាប់អារម្មណ៍​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ទាំង​បច្ចុប្បន្ន​ និង​អនាគត​

ហេតុនេះលោកថា ការ​​ព្យាយាម​បញ្ចូល​នូវ​បច្ចេកវិទ្យា ដែលពាក់ព័ន្ធ នឹងវិស័យសំណង់ស៊ីវិល នឹងឈានទៅ ​ធានាដល់ការអភិវឌ្ឍលើវិស័យនេះ ខណៈតម្រូវការកម្មករ ជំនាញនៅក្នុងវិស័យនេះនៅតែមានតម្រូវការខ្លាំង។នេះតាមបទពិសោធន៍ក្នុងការបំពេញកាងារក្នុងវិស័យជ្រើសរើសបុគ្គលិកនាពេលកន្លងមក។

យ៉ាងណាដើម្បី NTTI​ ក្លាយជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​បច្ចេកវិទ្យាលើវិស័យវិស្វកម្មសំណង់ស៊ីវិលប្រព្រឹត្តិដើយរលូន ក្រសួងការងារ បានលើកទឹកចិត្តដល់សាស្រ្តាចារ្យ នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសត្រូវខិតខំបន្តការអប់រំ បណ្ដុះបណ្ដាល និងលើកទឹកចិត្តឱ្យសិស្ស និស្សិត ត្រូវខិតខំសិក្សារៀនសូត្រតាមជំនាញរបស់ខ្លួន ធ្វើយ៉ាងឱ្យវិទ្យាស្ថានជាតិមួយនេះក្លាយជាគ្រឹះស្ថាននាំមុខមួយ ក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាំងប្រព័ន្ធគ្រប់គ្រង សមត្ថភាពគ្រូបណ្ដុះបណ្ដាល និងគុណភាពរបស់សិស្ស-និស្សិត សិក្ខាកាម៕

អត្ថបទដោយ: Pisey