ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគ្រោងបើកដំណើរការនៅដើមខែមេសា ខណៈសម្រេចការសាងសង់ជាង៩០%

ស្ពានមិត្តភាពកម្ពុជា-ជប៉ុនគ្រោងបើកដំណើរការនៅដើមខែមេសា ខណៈសម្រេចការសាងសង់ជាង៩០%
ភ្នំពេញ៖ ក្រោយបើកការដ្ឋានសាងសង់ជួសជុលឡើងវិញកាលពីពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០១៧ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន រឺហៅថាស្ពានជ្រោយចង្វារទី១ គ្រោងនឹងដាក់ប្រើប្រាស់ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈដែលបច្ចុប្បន្នដំណើរការជួសជុលស្ពាននេះសម្រេចបាន ៩៣ភាគរយហើយ ពោលគឺលឿនជាងការគ្រោងទុកជាង ១៤ភាគរយ។​ នេះ​បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសារធារណការ និងដឹកជញ្ជូនចេញផ្សាយល្ងាចម្សិលមិញនេះ។​ គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលរវាងប្រទេសទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ បើតាមក្រសួងសារធារណការ​ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងជួលជុលស្ពានវ័យចំណាស់មួយនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ពោលគឺស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះហើយ។ ប្រភពដដែលបានឲ្យដឹងថា​ ក្រុមហ៊ុនសាជីវកម្មជប៉ុន Obayashi Corporation of Japan ទទួលបានសិទ្ធក្នុងការជួលជុលសាងសង់ ស្ពានមិត្តភពក​ម្ពុជ-ជប៉ុននេះ ចំណែកឯក្រុមហ៊ុន Central Consultant lnc ជាក្រុមហ៊ុនដែលផ្តល់ទីប្រឹក្សាផ្នែកបច្ចេកទេស។ សូមជម្រាបថា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងកាលពីអំឡុងឆ្នាំ១៩៦០ ហើយស្ពាននេះត្រូវបានបំផ្លាញដោយសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧២ ប៉ុន្តែត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៤។​ ក្រោយបើកឲ្យដំណើការ បន្ទាប់ពីជួសជុលឡើងវិញរួចរាល់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានអ្នកជំនាញអចលនទ្រព្យអះអាង ថាមិនត្រឹមតែអាចជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះទេ តែថែមទាំងបង្កើនតម្លៃអចលទ្រព្យនៅតំបន់ភាគខាងជើង និងភាគខាងកើតឆ្លងកាត់ស្ពាននេះ ដោយសារច្រកចេញចូលទៅកាន់តំបន់ទាំងពីរនេះមានភាពល្អប្រសើរឡើង រួមទាំងគម្រោងយក្សធំៗកំពុងដំណើរការសាងសង់ដូចជាគម្រោងអភិវឌ្ឍទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC គ្រប់គ្រងដោយអ្នកឧកញ៉ា ពុង ឃាវសែ និងទីក្រុងរណបមិត្តភាព កម្ពុជា-ចិនស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុង ផាត់៕  
អត្ថបទដោយ: Bunthoeun