ឃុំចំនួន៤ក្នុងស្រុកស្អាង និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង ត្រូវបានកាត់មកឱ្យក្រុងតាខ្មៅ

ឃុំចំនួន៤ក្នុងស្រុកស្អាង និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹង ត្រូវបានកាត់មកឱ្យក្រុងតាខ្មៅ
ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ​ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង​នៃ​ខេត្តកណ្តាល ដោយ​កាត់​យក​ឃុំ​ចំនួន៤ ពី​ស្រុក​ស្អាង និង​ដី​មួយផ្នែក​ពី​ស្រុក​កណ្តាលស្ទឹង​មក​ដាក់បញ្ចូល​ឲ្យ​រដ្ឋបាល​ក្រុង​តាខ្មៅ​គ្រប់គ្រង​វិញ។ អនុក្រឹត្យ​ស្ដីពី​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្ដាលស្ទឹង​នៃ​ខេត្ត​កណ្ដាល ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី ០៨ ខែមករា​នេះ ​បាន​បង្ហាញថា ត្រូវបាន​កែ​សម្រួល​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និ​ថ​ស្រុក​កណ្ដាលស្ទឹង នៃ​ខេត្តកណ្ដាល ដោយ​កាត់​យក​ឃុំ​ចំនួន ០៤ ពី​ស្រុក​ស្អាង គឺ​ឃុំ​ស្វាយ​រលំ ឃុំ​កោះអន្លង់ចិន ឃុំ​សិត្បូ ឃុំរ​ការ​ខ្ពស់ និង​ដី​មួយផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង​មក​ឱ្យ​ក្រុង​តាខ្មៅ។ អនុក្រឹត្យ​បន្តថា ផ្អែក​តាម​ការកែសម្រួល​នេះ ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្ដា​ល​ស្ទឹង​​នៃ​​ខេត្តកណ្ដាល ត្រូវបាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ។ ជាមួយគ្នានេះ ត្រូវ​ប្តូរ​ឃុំ​ទាំង៤ ឱ្យចំណុះ​ឱ្យ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ទៅជា​សង្កាត់​មាន​ដូចខាងក្រោម៖ ទី១-ឃុំ​ស្វាយ​រលំ ទៅជា សង្កាត់​ស្វាយ​រលំ, ទី​២-ឃុំ​កោះអន្លង់ចិន ទៅជា សង្កាត់​កោះអន្លង់ចិន, ទី៣-ឃុំ​សិត្បូ ទៅជា សង្កាត់​សិត្បូ និង​ទី៤-ឃុំ​រកា​ខ្ពស់ ទៅជា សង្កាត់​រកា​ខ្ពស់។ ជាមួយគ្នានេះ នៅ​ខេត្តកំពង់ធំ ក៏​ត្រូវបាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ដែល​ចុះ​កាលពី​ថ្ងៃទី ៨ មករា ឆ្នាំ ២០១៩ បាន​បង្ហា​ញ​ផងដែរ​ថា ត្រូវបង្កើត «ស្រុក​តាំងគោក» នៃ​ខេត្តកំពង់ធំ ដោយ​កាត់​យក​ឃុំ​ចំនួន ៨ ពី​ស្រុក​បារាយណ៍​រួមមាន ឃុំ​ពង្រ ឃុំ​ច្រនាង ឃុំ​ជ្រលង ឃុំ​ទ្រៀល ឃុំ​សូ​យោង ឃុំ​ស្រឡៅ ឃុំ​ស្វាយ​ភ្លើង និង​ឃុំ​អណ្តូង​ពោធិ៍។ ព្រំប្រទល់​រដ្ឋបាល ស្រុក​​តាំងគោក ត្រូវបាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ជា​ឧបសម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ៕
អត្ថបទដោយ: Koemsoeun