មន្ត្រី និងអ្នកជំនាញ៖ ប្លង់គោលប្រើប្រាស់ដីរាជធានី-ខេត្ត នឹងបង្កើនសក្តានុពលវិនិយោគអចលនទ្រព្យនៅកម្ពុជា

មន្ត្រី និងអ្នកជំនាញ៖ ប្លង់គោលប្រើប្រាស់ដីរាជធានី-ខេត្ត នឹងបង្កើនសក្តានុពលវិនិយោគអចលនទ្រព្យនៅកម្ពុជា
ភ្នំពេញ៖ ប្លង់គោលប្រើប្រាស់ដីសរុបចំនួនប្រាំបីថ្នាក់រាជធានី ខេត្ត ដែលទើបត្រូវបានអនុម័តរួចរាល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលថ្មីៗកន្លងទៅនេះ ត្រូវបានមន្ត្រី និងអ្នកជំនាញលើកឡើងថា នឹងឆ្លើយតបទៅ​នឹងការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានសក្តានុពលប្រកបដោយចីរភាព។​ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឱ្យដឹងថា ​ប្លង់គោលប្រើប្រាស់ដី ជាពិសេស ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញចក្ខុវិស័យឆ្នាំ​ ២០៣៥ នឹងជំរុញការវិនិយោគលើវិស័យអចលនទ្រព្យ​ឱ្យកាន់តែមានប្រសិទ្ធិភាព ពោល គឺធ្វើឱ្យការវិនិយោគលើវិស័យមួយនេះ អាចកំណត់ទិសដៅក្នុងការអភិវឌ្ឍបានច្បាស់លាស់ទាំងក្នុង នៅតាមជាយរាជធានីភ្នំពេញ រួមទាំងការកំណត់កម្ពស់សំណង់អគារនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។​ ទិដ្ឋភាពនៃការរីកដុះដាល់សំណង់អគារក្នុងរាជធានីភ្នំពេញ លោកអះអាងថា៖ “ប្លង់គោល​ និងផែនការប្រើប្រាស់ដី ក្រុង ស្រុក ខណ្ឌ ឃុំនិងសង្កាត់​ មានសារសំខាន់ ដើម្បីធ្វើជាត្រីជាវិស័យនៅក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យស្របទៅនឹងផែនការរៀបចំដែនដីមួយជែលត្រូវបានកំណត់ច្បាស់លាស់​ ហើយការអភិវឌ្ឍនោះទៀតសោ​ត ក៏ធានាបាននូវចីរភាពផងដែរ”។​   ​លោក សេង ឡូត បានគូសបញ្ជាក់បន្ថែមថា ក្រសួងក៏បានអនុម័តផែនការប្រើប្រាស់ដីជាង ១០០ ឃុំ/សង្កាត់មកហើយ ដើម្បីរៀបចំការវិនិយោគ និងការអភិវឌ្ឍឱ្យចំទិសដៅ។ ជំហានបន្ទាប់ ក្រសួងកំពុងរៀបចំពិនិត្យ អនុម័តប្លង់គោល ផែនការរៀបចំដែនដីជាបន្តបន្ទាប់ទៅទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ទាំងវិស័យឯកជន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ​។ សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយរបាយការណ៍ស្តីពីការអនុម័ត ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី-ខេត្ត កាលពីចុងខែធ្នូ ឆ្នាំ២០១៨​កន្លងទៅនេះ​ ដែលរួមមានប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ប្លង់គោលប្រើប្រាស់ដីក្រុងបាត់ដំបង​ ទីរួមខេត្តត្បូងឃ្មុំ ក្រុងសៀមរាប ក្រុងតាខ្មៅ ដីក្រុងកំពត និង ប្លង់គោលប្រើប្រាស់ដីខេត្តកែប។​ អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ ឃេ អេហ្វ អេ (KFA) លោក ឧកញ៉ា នួន រិទ្ធី បានស្វាគមន៍ចំពោះការដាក់ឱ្យដំណើការនូវប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី-ខេត្ត ដោយហេតុថា ការប្រើប្រាស់ប្លង់គោលនេះនឹងទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត មកវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែប្លង់គោលមានការកំណត់តំបន់ច្បាស់លាស់សម្រាប់ការអភិវឌ្ឍដូចជាតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានឱ្យនៅដាច់ដោយឡែកពីគ្នា។ ​លោកឧកញ៉ា​លើកឡើងថា៖​ “ប្លង់គោលប្រើប្រាស់ដីធ្លីនេះ​ នឹង​ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងការងារដ្ឋបាលសារធារណៈក៏ដូចជាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ”។ ទិដ្ឋភាពនៃការរីកដុះដាល់សំណង់អគារក្នុងរាជធានីភ្នំពេញ ចំណែកឯលោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានថ្លែងឲ្យដឹង​ដែរថា កាលណាមានការកំណត់ការប្រើប្រាស់ដីធ្លី គឺផ្តល់ភាពងាយស្រួល និងការការពាបរិស្ថាន។ លោកបានពន្យល់ថា ការផ្តល់ភាពងាយស្រួលនោះ គឺសំដៅលើការរៀបចំហេដ្ឋារចនាសម័ន្ធ ដូចជាការធ្វើផ្លូវ ការដាក់លូ និងការផ្គត់ផ្គង់ភ្លើង។  រីឯការការពារបរិស្ថាន គឺផ្អែកទៅលើការបែងចែកតំបន់លំនៅឋាន និងកំណត់តំបន់ឧស្សាហកម្មឱ្យនៅដាច់ដោយឡែកពីគ្នា ពោល គឺការកំណត់តំបន់ឧស្សាហកម្មឱ្យនៅជិតៗគ្នា ងាយស្រួលក្នុងការគ្រប់គ្រងកាកសំណល់៕
អត្ថបទដោយ: Bunthoeun