តើអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវរើទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារវិញឬ?

តើអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវរើទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារវិញឬ?
ភ្នំពេញ៖ អំឡុងពេលចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលទៅរស់នៅក្នុងបុរីរុងរឿងនៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កាលពីចុងសប្ដាហ៍មុន អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានប្រកាសដំណឹងមួយថា អគារពន្ធដារថ្មី នឹងត្រូវសាងសង់ឡើងនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដោយមានកម្ពស់ ៣៦ជាន់ ជាមួយទំហំទឹកប្រាក់ចំនួន ៦០លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន FRESH NEWS។ ចំណែកនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់​ប្រាប់គេហទំព័រព័ត៌មាន KHB Media ថា អគារអគ្គនាយកដ្ឋានពន្ធដារបានទិញដីទំហំ ២ហិកតា នៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារពន្ធដារថ្មី។ លោកបញ្ជាក់ថា៖ “បើតាមដឹង គឺអគារអគ្គនាយកដ្ឋានពន្ធដារ”។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទនៃការសាងសង់អគារថ្មី កម្ពស់ ៣៦ជាន់នេះដែរ លោកអគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ថា គឺអាស្រ័យទៅលើខាងអគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារមានអាសយដ្ឋានស្ថិតនៅ​លើ​ដីឡូតិ៍​លេខ​៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺគៀកនឹងស្ពានអាកាសស្ដុបតិចណូ ក្រោយស្ពានអាកាសនេះត្រូវបានសាងសង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ជាមួយគ្នានេះ អំឡុងពេលចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលទៅរស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានលើកឡើងផងដែរថា ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារកំពុងមានការសាងសង់អគារធំៗជាច្រើនជាបន្តបន្ទាប់ រួមមានអគារសាកលវិទ្យាល័យវិចិត្រសិល្បៈ សាលាគយ អគារទីស្ដីការសមាគមអ្នកកាសែត ដែលនឹងអាចសាងសង់រួចរាល់នៅដំណាច់ឆ្នាំ២០១៩ នេះ។ សូមបញ្ជាក់​ថា ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣៨៧​ហិកតា ក្នុងសង្កាត់ចំនួន៣ របស់ខណ្ឌជ្រោយចង្វារ រួមមានសង្កាត់ជ្រោយចង្វារ ព្រែកលៀប និងព្រែកតាសែក។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនបានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ស្របនឹងផ្លូវជាតិលេខ៦ ផងដែរ៕
អត្ថបទដោយ: Chanveasna