ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប នឹងលេចរូបរាងនៅឆ្នាំ២០២០

ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប នឹងលេចរូបរាងនៅឆ្នាំ២០២០
ខេត្តសៀមរាប៖ ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដែលកំពុងសាងសង់លើផ្ទៃដីសរុបទំហំ ៣,៣ហិកតា ក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់ និងបើកឱ្យសាធារណជនចូលទស្សនា នៅត្រឹមឆ្នាំ២០២០​ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ត្រូវបានក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បោះទុនវិនិយោគ ៧០លានដុល្លារ ដើម្បីសាងសង់ឡើង។ ក្រោយពេលសាងសង់រួច ឧទ្យាននេះត្រូវបាន​រពឹងថា នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមានរោងមហោស្រពញញឹមអង្គរចំណុះ១.៥០០កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋានជាដើម។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន គឺមានសារៈសំខាន់ណាស់សម្រាប់បង្ហាញវប្បធម៌កម្ពុជា-ចិន ជាពិសេសការបង្ហាញពីវប្បធម៌ខ្មែរ ព្រោះនៅក្នុងឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ មានសម្តែងនូវវប្បធម៌ខ្មែរ ដូចជាការកសាងអង្គរ ចម្បាំងរបស់កងទ័ពខ្មែរនៅសម័យបុរាណ និងការបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរជាច្រើនទៀត។ លោកបានបញ្ជាក់ថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នឹងធ្វើឱ្យទំនាក់ទំនងផ្នែកវប្បធម៌កម្ពុជា-ចិនកាន់តែរឹងមាំ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ ចិនគឺជាទីផ្សារទេសចរណ៍ដ៍សំខាន់របស់កម្ពុជា។ សូមបញ្ជាក់​ថា កាលពីថ្ងៃទី២៧​ ខែមករា ឆ្នាំ២០១៩ លោក ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃប្រទេសចិន បានចុះទៅពិនិត្យការដ្ឋានសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននៅក្នុងខេត្តសៀមរាបនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ៕
អត្ថបទដោយ: Chanveasna