ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ៤បន្ថែមទៀតក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន៤ បន្ថែមទៀត នៅក្នុងខេត្តព្រះសីហនុ ក្រោយពីគម្រោងធំៗចំនួន២ បានបញ្ចប់ជាស្ថាពរ និង ៨គម្រោងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់។
លើកឡើងនៅក្នុងពិធីជួបជុំបុគ្គលិកជាច្រើនរយនាក់ និងអបអរពិធីបុណ្យចូលឆ្នាំចិន នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩ នៅកោះពេជ្រ លោក ឈួវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល ដែលមានលោកប្រធាន ចេន ហ្ស៊ី ជាប្រមុខ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រមូលផ្តុំកម្លាំងបុគ្គលិកចំនួន ៩៧៨ នាក់ ហើយផ្តោតលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ “បេះដូងមួយនិងស្លាបពីរ” គឺយករាជធានីភ្នំពេញជាបេះដូង ហើយយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ដើម្បីសំដៅអភិវឌ្ឍទីផ្សារអចលនទ្រព្យ។
លោកបន្តថា នៅក្នុងឆ្នាំ ២០១៨ គម្រោងចំនួនពីរ បានបញ្ចប់ការសាងសង់ជាស្ថាពរ រួមមាន មជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ស្ថិតនៅរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១៦.៣០០ ម៉ែត្រការ៉េ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ស្ថិតក្នុងខេត្តព្រះសីហនុ មានផ្ទៃក្រឡានៃសំណង់អគារសរុប ១៣៣.៤០០ ម៉ែត្រការ៉េ។ លោកបានបន្ថែមថា ក្រៅពីគម្រោងទាំងពីរ ដែលត្រូវបានបញ្ចប់ខាងលើនេះ គម្រោងចំនួន ៨ទៀត កំពុងស្ថិតក្នុងការសាងសង់ ដែលរួមមាន ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ សួនឧស្សាហកម្ម ខេម អិម ជេ ផាក អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ អាយធី បៀលឌីង ព្រីនស៍ ធាន ស៊ី វ៉ាន និងព្រីនស៍ ស្មាតហ្គាឌិន ដែលជាគម្រោងដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ ស៊ីធី សេនធើ ដែលមានផ្ទៃដីសរុបប្រមាណ ៤៨១.៣០០ ម៉ែត្រការ៉េ ហើយមានផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៨៥៩.៨០០ ម៉ែត្រការ៉េ។
ដោយឡែកនៅក្នុងឆ្នាំ ២០១៩នេះ គម្រោងចំនួន ៤ទីតាំងទៀត នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ រួមមានដូចជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ខេត្តព្រះសីហនុ មន្ទីរពេទ្យ បុរីផ្ទះវីឡានៃគម្រោងព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ កោះតាកៀវ ដែលមានផ្ទៃដីសរុប ១៩៦ ម៉ឺនម៉ែត្រការ៉េ និងផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៤៣,៩៨ ម៉ឺនម៉ែត្រការ៉េ។
គួរបញ្ជាក់ថា ក្នុងអំឡុងវត្តមានរយៈពេលបីឆ្នាំនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនអចលនទ្រព្យធម្មតា ទៅជាសហគ្រាសចម្រុះខ្នាតធំ លំដាប់អន្តរជាតិ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធរហូតដល់៣០ក្រុមហ៊ុន ជាមួយនឹងទុនវិនិយោគសរុបជាង ១.៥០០លានដុល្លារអាមេរិក ទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៕
អត្ថបទដោយ:
Sereyrath



