ខេត្តកំពតនៅតែទទួលបានវិនិយោគិនចិន ខណៈជនជាតិចិនមួយចំនួនធំកំពុងចាកចេញពីកម្ពុជា
ភ្នំពេញ ៖ បើទោះបីជាជនជាតិចិនមួយចំនួនធំបានចាកចេញពីកម្ពុជាជាយ៉ាងណាក៏ដោយ ក៏សកម្មភាពវិនិយោគរបស់ចិនជាច្រើនផ្សេងទៀតកំពុងដំណើរការយ៉ាងសកម្ម ជាពិសេសនៅខេត្តកំពត និងខេត្តព្រះសីហនុ។
លោក កែវ សុជាតិ ភ្នាក់ងារអចលនទ្រព្យនៅខេត្តកំពតរបស់ក្រុមហ៊ុន KW Cambodia បានឲ្យដឹងថា បើទោះបីជាចិនចាកចេញក្ដី ក៏នៅតែមានចិនមួយចំនួននៅតែបន្តស្វែងរកការវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តកំពតដែរ។
លោកថា ការចាកចេញរបស់ចិន មិនមែនជាការចាកចេញរបស់វិនិយោគិនចិននោះទេ ព្រោះយើងបានមើលឃើញថា វិនិយោគិនចិននៅតែបន្តស្វែងរកការដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាដដែល ជាពិសេសក្នុងវិស័យអចលនទ្រព្យ ដោយក្នុងនោះចិនបានកំពុងស្វែងរកដីធ្លី ដើម្បីអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដូចជាបម្រើក្នុងវិស័យទេសចរណ៍ជាដើម ។
លោកបន្តថា កាលពីមុនវិនិយោគិនចិន បានហូរចេញពីខេត្តព្រះសីហនុ មកដល់ខេត្តកំពត ដែលធ្វើឲ្យមានការវិនិយោគលើអចលនទ្រព្យកាន់តែច្រើនជាងមុន ជាពិសេសនោះគឺការវិនិយោគអចលនទ្រព្យសម្រាប់ផ្គត់ផ្គង់ឲ្យវិស័យទេសចរណ៍ ដូចជាផ្ទះសំណាក់ បឹងហ្កាឡូ ឬសណ្ឋាគារជាដើម ។
លោក សុខ គែន ភ្នាក់ងារអចលនទ្រព្យមួយរូបផងដែរបានឲ្យដឹងដែរថា ការវិនិយោគរបស់វិនិយោគិនចិនលើទឹកដីខេត្តកំពតនៅតែមានជាហូរហែរក៏ប៉ុន្តែរាងស្ងាត់បន្តិចវិញ ក្រោយមានការចាកចេញភ្លូកទឹកភ្លូកដី ពីសំណាក់ជនជាតិចិននៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ។
លោកថា បច្ចុប្បន្ននេះ វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកបានមកដល់ខេត្តកំពតដើម្បីស្វែងរកការវិនិយោគ ក្នុងនោះវិស័យទេសចរណ៍ជាវិស័យអាទិភាព សម្រាប់វិនិយោគិនទាំងអស់នោះ ក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងរបស់ខ្លួន ។
លោកថា៖« ដោយសារតែខេត្តកំពតជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយទើបវិនិយោគិនបរទេសនិងក្នុងស្រុកជាច្រើន បានមកស្វែងរកការបណ្ដាក់ទុនវិនិយោគក្នុងទឹកដីមាត់សមុទ្រមួយនេះ» ។
លោកបន្តថា សព្វថ្ងៃនេះ វិនិយោគិនចិន ក្រៅតែពីការទិញដីទុក និងទិញដីទុកសាងសង់គម្រោងធំៗដូចជាមិនមានសកម្មភាពវិនិយោគណាដែលធ្វើឲ្យកក្រើកនោះទេ ។ ផ្ទុយទៅវិញនៅក្នុងខេត្តកំពត បច្ចុប្បន្ននេះ ការទិញលក់ឆ្លងតាមក្រុមហ៊ុនរបស់លោក ឃើញថាវិនិយោគិនអឺរ៉ុបមានកំណើនគួរសម ។
បើតាមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យផ្សេងទៀត បានឲ្យដឹងស្រដៀងគ្នានេះដែរថា នៅពេលឆ្នាំថ្មីនេះ ពួកគេនៅតែរំពឹងថា ជនជាតិចិន ជាពិសេសវិនិយោគិនចិន នឹងមកកម្ពុជាបន្ថែមទៀត តែការមកដល់របស់ជនជាតិចិននៅពេលអនាគត គឺជាជនជាតិចិន ដែលជាអ្នកវិនិយោគនិងអ្នកទេសចរ មិនមែនជាអ្នកលេងល្បែងដូចជនជាតិចិនមួយចំនួនដែលចាកចេញទៅវិញនោះទេ ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញផងដែរថា ចិនគឺជាអ្នកវិនិយោគលំដាប់ទី១នៅកម្ពុជា ក្នុងនោះវិស័យសំណង់និងអចលនទ្រព្យធំៗ ក៏ត្រូវបានជនជាតិចិនកាប់ច្រើនជាងគេក្នុងចំណោមវិនិយោគិនបរទេសទាំងអស់នៅកម្ពុជាផងដែរ ។
តាមរយៈកំណើនវិនិយោគិនចិននៅកម្ពុជានេះដែរ បានធ្វើអោយលំហូរវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើងដល់ ៣,៥៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ កើនឡើង ១២ភាគរយធៀបនឹងឆ្នាំ២០១៨ ៕