ដំណើរទស្សនកិច្ចកម្ពុជា-ចិន លើកនេះអាចនឹងមានការចុះហត្ថលេខាយ៉ាងតិច ៨គម្រោងធំៗ

ដំណើរទស្សនកិច្ចកម្ពុជា-ចិន លើកនេះអាចនឹងមានការចុះហត្ថលេខាយ៉ាងតិច ៨គម្រោងធំៗ
ភ្នំពេញ៖ ​ក្នុង​ដំណើរបំពេញទស្សនកិច្ចផ្លូវរការបស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ នឹងមានឯកសារនៃកិច្ចព្រមព្រៀងយ៉ាងតិចចំនួន ៨​​ ដែលត្រូវចុះហត្ថលេខារវាង​ភាគីកម្ពុជា-ចិន  ហើ​យកិច្ចព្រមព្រៀង​ទាំងនោះនឹងផ្តោតលើការកសាងហេដ្ឋារចនាស​ម្ព័ន្ធ និងជំនួយអភិវឌ្ឍផ្សេងៗ។ ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះមានរយៈពេលបួនថ្ងៃដោយចាប់ពីថ្ងៃទី ២០​ ដល់ថ្ងៃទី ២៣ ខែមករា​។ ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ដំណើរអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះនឹងមានជំនួបកិច្ចពិភាក្សាជាមួយបណ្តាមេដឹកនាំចិន ដែលនឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដើម្បីប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ លោកបន្តថា​ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចនាយរដ្ឋមន្ត្រីក៏មានជំនូបពិភាក្សាជាមួយថ្នាក់ដឹកនាំធុរៈកិច្ចចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុបផងដែរ។ គិតមកទល់វេលាព្រឹកថ្ងៃទី ២២ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសចិនមានគម្រោងមួយចំនួន ត្រូវបានប្រកាសឡើង រួមទាំងជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ បើយោងតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន​ ភាគីកម្ពុជា-ចិន បានបើកភ្លើងខៀវលើគម្រោងមួយចំនួនដូចជា គម្រោងសិក្សា និងវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, គម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាមួយនិងគម្រោងនៃការសាងសង់ផ្លូវល្បឿនលឿនផងដែរ, គម្រោងសាងសង់ខ្សែកាប​អុបទិកក្រោមបាតសមុទ្រ ពីភ្នំពេញទៅហុងកុង ដើម្បីជំរុញនិងលើកកម្ពុស់ប្រព័ន្ធអ៊ីនធើណែតរបស់កម្ពុជាអោយកាន់តែមានគុណភាព និងល្បឿនលឿនជាងមុន, គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា វៀតណាម បាវិត ព្រមទាំងគម្រោងស្ថាបនាផ្លូវលេខ១៥-៥១ ដែលតភ្ជាប់ខេត្តកោះកុង ពោធិសាត់ និងខេត្តបាត់ដំបង៕ ក្រៅពីនេះ ភាគីកម្ពុជាក៏ទទួលបានជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលចិនចំនួន ៤ពាន់លានយ័ន (ប្រមាណ ៦០០ លានដុល្លារអាមេរិក) ផងដែរ ដើម្បីអភិវឌ្ឍកម្ពុជាសម្រាប់រយៈពេល៣ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១៕
អត្ថបទដោយ: Bunthoeun