គម្រោងព្រលានយន្តហោះថ្មីតម្លៃ១.៥ពាន់លានដុល្លារហាក់ស្ងាត់ដំណឹងក្រោយប្រកាសជាង១ឆ្នាំ

គម្រោងព្រលានយន្តហោះថ្មីតម្លៃ១.៥ពាន់លានដុល្លារហាក់ស្ងាត់ដំណឹងក្រោយប្រកាសជាង១ឆ្នាំ
ភ្នំពេញ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីស្ថិតនៅខេត្តកណ្តាល ដែលបានប្រកាសឡើងកាលពីអំឡុងដើមឆ្នាំ ២០១៨ ហាក់មានសភាពស្ងប់ស្ងាត់រហូតមកដល់ពេលបច្ចុប្បន្នដែលមិនទាន់ឃើញមានការវិវត្តអ្វីនៅឡើយទេ តែរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលអះអាងថា គម្រោងនេះកំពុងស្ថិតក្រោមការសិក្សាលម្អិត។ លោកជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍កន្លងទៅនេះថា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះកំពុងសិក្សាពីបញ្ហាបច្ចេកទេសនៃការសាងសង់ បញ្ហានៃផលប៉ះពាល់ និងការរៀបចំឯកសារជាច្រើនផ្សេងទៀត។ យ៉ាងណាមិញ មន្រ្តីនាំពាក្យអាកាសចរណ៍ស៊ីវិលរូបនេះមិនអាចបញ្ជាក់អំពីរយៈពេលបញ្ចប់ការសិក្សា និងកាលបរិច្ឆេទជាក់លាក់នៃការចាប់ផ្តើមសាងសង់គម្រោងនេះបាននៅឡើយទេ ដោយហេតុថា ការប្រកាសពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់គម្រោងដ៏ធំសម្បើមបែបនេះ​អាចមានផលប៉ះពាល់ដល់ការវិនិយោគ ជាពិសេស ការវិនិយោគដីធ្លីនៅតំបន់ក្បែរៗនោះ។​ ក៏ប៉ុន្តែ លោក ពឹង សេរី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ខេមបូឌា អង្គររៀលអ៊ីសស្ទេត បានថ្លែងឲ្យដឹងថា ហាងឆេងដីធ្លីនៅជុំវិញតំបន់សាងសង់ព្រលានយន្តហោះថ្មីនោះនៅតែមានចរន្តទិញលក់ល្អប្រសើរនៅឡើយ ពោលគឺមិនមានសញ្ញាធ្លាក់ចុះនោះទេរហូតមកដល់បច្ចុប្បន្ន។ គម្រោង​សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិថ្មីស្ថិតនៅខេត្តកណ្តាលនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូរវិនិយោគរវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា​ ហៅកាត់ថា OCIC និងក្រុមហ៊ុនមួយរបស់ចិនក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី កឺឃាង មកកាន់កម្ពុជាកាលពីខែ មករា ឆ្នាំ២០១៨​។ ក្រោយចុះកិច្ចព្រមព្រៀងដៃគូរវិនិយោគរវាងក្រុមហ៊ុនទាំងពីរ​ លិខិតបើកចំហរមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ស្នើសុំគោលការណ៍អនុញ្ញាតបង្កើតក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវវេសមិន ខូអិលធីឌី ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល លើផ្ទៃដីទំហំ ២,៦០០ ហិកតា​។ លិខិតដដែលបានគូសបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិថ្មីស្ថិតនៅខេត្តកណ្តាលនេះ គ្រោងប្រើប្រាស់ទុនវិនិយោគសរុប ១,៥០០ លានដុល្លារអាមេរិក។​ ក្នុងនោះទុនវិនិយោគបានមកពីកម្ចីធនាគារបរទេសមានចំនួន ១,១០០ លានដុល្លារអាមេរិក ។ ចំណែកឯ ២៨០ លានដុល្លារអាមេរិកជាកម្ចីពីភាគទុនរបស់ក្រុមហ៊ុន OCIC និង ១២០ លានដុល្លារអាមេរិកទៀត ជាដើមទុនចុះបញ្ជី។ បើតាមលោក ជា អូន អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F អាចទទួលចុះចត​ប្រភេទយន្តហោះធំជាងគេ ហើយថែមទាំងអាចឲ្យយន្តហោះប្រភេទធំៗភ្ជាប់ជើងហោះហើរត្រង់បាន ដែលការណ៍នេះកម្ពុជាអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរដ៍ច្រើននាពេលអនាគត។ លោក ទូច សំណាង​​ អគ្គនាយករងនៃក្រុមហ៊ុនវិនិយោគទុនអាណិកជន (OCIC) ដែលជាក្រុមហ៊ុនទទួលបានការវិនិយោគលើព្រលានយន្តហោះនេះ មិនអាចសុំការអត្ថាធិប្បាយបន្ថែមបានទេជុំវិញការវិវត្តនៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃខ្ទង់ពាន់លានដុល្លារអាមេរិកនេះ ដោយហេតុថាលោកមិនទទួលខុសត្រូវលើគម្រោងនេះ។ តែយ៉ាងណាក៏ដោយ អតីតអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងប្រាប់សាពត៌មានក្នុងស្រុកមួយកាលពីខែ មិថុនា ឆ្នាំ ២០១៨ ថា គម្រោងសាងសង់ព្រលានយន្តហោះនេះអាចនឹងចាប់ផ្តើមដំណាក់កាលដំបូងនៅឆ្នាំ២០១៩ ប្រសិនបើពុំមានបញ្ហា និងឧបសគ្គអ្វីជាដុំកំភួនទេនោះ ពោលគឺមិនទុកពេលយូររហូតដល់ឆ្នាំ២០២៥ ទើបចាប់ផ្តើមសាងសង់នោះឡើយ៕  
អត្ថបទដោយ: Bunthoeun