លោកឧកញ្ញ៉ាជាដែន៖ អ្នកដឹកនាំត្រូវធ្វើជាគំរូ និងផ្តល់ការលើកទឹកចិត្តខ្ពស់ដល់បុគ្គលិកផ្នែកលក់

ភ្នំពេញ៖ ថ្លែងនៅឯវេទិកាមួយស្តីពីជំនាញក្លាយជាអ្នកលក់ លោកឧកញ៉ា ជា ដែន បានលើកឡើងថា អ្នកដឹកនាំអាជីវកម្មទាំងឡាយគួរធ្វើជាគំរូ និង ផ្តល់ការលើកទឹកចិត្តជាសំខាន់ដល់បុគ្គលិកផ្នែកលក់ ទើបគេអាចទទួលជោគជ័យក្នុងប្រតិបតិ្តការលក់ផលិតផល និង សេវាកម្មជូនអតិថិជនបាន។ មានប្រសាសន៍នៅក្នុងសិក្ខាសាលាមួយស្តីពី «សិល្បៈក្លាយជាកំពូលអ្នកលក់» កាលពីព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ នៅសាលា AIS ទួលគោក ដែលមានសិក្ខាកាមចូលរួមប្រមាណជាង ៣០០នាក់ លោកឧកញ្ញ៉ា ជា ដែន ដែលជាប្រធានសមាគមអ្នកទីផ្សារកម្ពុជា (MAC) និងជាអ្នកជំនាញផ្នែកលក់ជាច្រើនឆ្នាំមកហើយ បានចែកចាយពីបទពិសោធន៍ និង ជំនាញផ្នែកលក់ជាច្រើនដល់សិក្ខាកាម។ លោកបានបន្តទៀតថា៖ «បុគ្គលិកផ្នែកលក់ពិតជាត្រូវការរៀនពីបទពិសោធន៍ទាំងក្តៅ និងត្រជាក់ពីអ្នកដឹកនាំដែលជាបទពិសោធន៍ដែលអាចយកទៅប្រើប្រាស់ដោយចិត្តអំណត់ជាមួយអតិថិជនគ្រប់ប្រភេទដែលពួកគាត់និងជួបប្រទះ»។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតទំនាក់ទំនងជាមួយអតិថិជនជាគន្លឹះសំខាន់ក្នុងការយុទ្ឋសាស្ត្រផ្នែកលក់អោយបានជោគជ័យ ប៉ុន្តែវាត្រូវការពេលវេលា និងចិត្តអត់ធ្មត់ នោះលទ្ឋផលនឹងប្រាកដជាបានមកលើសពីអ្វីដែលរំពឹងទុក។ លោកលើកឡើងថា ការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រុមហ៊ុន ដល់បុគ្គលិកគឺជាកត្តាសំខាន់មួយ ជាក់ស្តែង ក្រុមការងារផ្នែកលក់នៅក្រុមហ៊ុនរបស់លោក មានបុគ្គលិកមួយចំនួនធ្វើការតាំងពីឪពុករហូតដល់កូន មានន័យថាការលើកទឹកចិត្ តនិងសកម្មភាពឈឺឆ្អាលរបស់អ្នកដឹកនាំជាកំលាំងជំរុញដ៏វិសេសមួយ ដែលនាំអោយបុគ្គលិកកាន់មានកំលាំងចិត្ត និងភាពកក់ក្តៅ។ លោបានបន្ថែមទៀតថា៖ « ក្នុងនាមជាអ្នកលក់ អ្នកត្រូវធ្វើអ្វីដែលគេធ្វើមិនបាន ចិត្តអំណត់និងការផ្ចង់ចិត្តផ្តោតទៅរកគោលដៅលក់របស់យើង នោះយើងនឹងមិនគ្រាន់តែបង្កើនចំណូលអោយក្រុមហ៊ុនតែមួយមុខប៉ុណ្ណោះទេ តែយើងកំពុងបង្កើនទ្រព្យសម្បត្តិខ្លួនឯងជាមួយក្រុមហ៊ុន និងក្រុមគ្រូសាររបស់យើងផងដែរ»។