ព្រះសីហនុ៖ ដោយសារកត្តាទាក់ទាញផ្នែកទេសចរណ៍ ខេត្តព្រះសីហនុបានស្រូបយកគម្រោងសាងសង់ខ្នាតធំៗ ដែលមានតម្លៃវិនិយោគទុនជិត ១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៨។
របាយការណ៍របស់មន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃខេត្តព្រះសីហនុ បានបង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅ ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាង ៧០គីឡូម៉ែត្រមួយនេះ បានស្វាគមន៍គម្រោងសាងសង់ធំៗចំនួន ៥៤គម្រោង ដែលមានផ្ទែក្រឡាសំណង់សរុប ១,៥៣ លានម៉ែត្រក្រឡា ជាមួយនឹងទុនវិនិយោគសរុបជាង ៩៦៤ លានដុល្លារអាមេរិក។
ក្នុងចំណោមគម្រោងសាងសង់ទាំងនេះ ភាគច្រើនគឺជាគម្រោងអភិវឌ្ឍន៍សណ្ឋាគារ ដោយគិតត្រឹមឆ្នាំ២០១៨ គម្រោងអភិវឌ្ឍន៍សណ្ឋាគារប្រណិតជាង ១០ ជាមួយនឹងទុនវិនិយោគសរុបជាង ៦០០ លានដុល្លារ និងមានសរុបជាង ៤.០០០ បន្ទប់ ត្រូវបានប្រកាសវត្តមាននៅក្នុងខេត្តព្រះស៊ីហនុ។ ក្នុងបណ្តាគម្រោងសណ្ឋាគារទាំងនេះ ក៏មានសណ្ឋាគារដែលមានម៉ាកយីហោល្បីៗលំដាប់អន្តរជាតិ ផងដែរ។ ជាក់ស្តែងកាលពីអំឡុង ខែមីនា ឆ្នាំ២០១៨ ម៉ាកយីហោសណ្ឋាគារ Marriott’s Le Meridien លំដាប់ផ្កាយប្រាំដែលមាន ៣៨៨បន្ទប់ បានប្រកាសថា នឹងចាប់ផ្តើមសាងសង់លើផ្ទៃដី ១.៧ ហិកតា នៅខេត្តព្រះសីហនុ នៅខែមករា ឆ្នាំ២០១៩នេះ ហើយរំពឹងថា នឹងបើកដំណើរការក្នុងរយៈពេលបីឆ្នាំខាងមុខ។
ក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍ កាស៊ីណូ ខុនដូ អាផាតមិន និង រីសត ដែលមានអ្នកអភិវឌ្ឍន៍ភាគច្រើនជាជនជាតិចិន។ គ្រាន់តែនៅឆ្នាំ ២០១៨ ក្រុមហ៊ុន Prince Real Estate Group របស់ចិន ដែលធ្លាប់ប្រកាសថា នឹងវិនិយោគទឹកប្រាក់ជាង ១០ពាន់លានដុល្លារលើវិស័យអចលនទ្រព្យនៅកម្ពុជា បានបើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ នៅខេត្តព្រះស៊ីហនុ។ សំណង់អគារ Prince City Center ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១៦.៣ ហិកតា ដែលជាផ្នែកមួយនៃទីក្រុងរណបដ៏ធំនៅក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ដំណាក់កាលទី១របស់ខ្លួននៅខែតុលា ឆ្នាំ២០១៨។ ចំណែកអគារ Prince IT Building ដែលបានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅនេះ នឹងក្លាយជាមូលដ្ឋានការិយាល័យកណ្តាលនៃព័ត៌មានវិទ្យាចម្រុះ ដែលជួយជំរុញដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនើបនៅក្នុងក្រុងព្រះសីហនុ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុបានថ្លែងក្នុងសនិ្នបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីចុងឆ្នាំ២០១៨នេះថា ខេត្តព្រះសីហនុ ដើរតួយ៉ាងសំខាន់ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលទាំងបីក្នុងយុទ្ធសាស្រ្តដំណាក់កាលទីបួនរបស់រដ្ឋាភិបាលនិងត្រូវកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង នៅក្នុងគោលនយោបាយឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ លោកថា សក្តានុពលនៅខេត្តព្រះសីហនុ គឺឧស្សាហកម្មទេសចរណ៍សំណង់ សេវាកម្ម និងកសិកម្ម។ លោកស្រុង អះអាងថា៖«ដោយសារតែកត្តាអំណោយផងទៅលើឆ្នេរស្អាតបំផុតរបស់ពិភពលោកបានធ្វើឲ្យខេត្តព្រះសីហនុក្លាយជាទិសដៅវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកទៅលើវិស័យអចលនទ្រព្យនិងសំណង់»។
គម្រោងអគារ Prince City Center.
ប៉ុន្តែស្របពេលដែលមានកំនើនទេសចរ និងវិនិយោគិនបរទេស ជាពិសេសជនជាតិចិន បានចូលមកកាន់ខេត្តជាប់ឆ្នេរសមុទ្រនេះ កាន់តែច្រើនឡើងៗ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅទីនោះ មានតម្លៃកាន់តែខ្ពស់ខ្លាំងឡើងលើសពីការរំពឹងទុក។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល ដែលជាក្រុមហ៊ុនតំណាងលក់ផ្តាច់មុខគម្រោងខុនដូរ The Seagate Suite ដែលមានកម្ពស់ខ្ពស់ជាងគេនៅខេត្តព្រះសីហនុបានមានប្រសាសន៍ថា មានកត្តាធំៗចំនួន៣ ដែលជំរុញឱ្យវិស័យអចលនទ្រព្យទីនោះ ឡើងថ្លៃខ្ពស់ខ្លាំងនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។ កត្តាទី១. ដោយសាររដ្ឋាភិបាលបានបង្កើតតំបន់នោះទៅជាតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើឱ្យចលនាទិញលក់ដី មានសកម្មភាពកើនឡើង។ ទី២. ខេត្តព្រះសីហនុ មានភាពអំណោយផលក្នុងវិស័យដឹកជញ្ជូន ពោលគឺមានកំពង់ផែសមុទ្រទឹកជ្រៅ ដែលងាយស្រួលក្នុងការដឹកទំនិញចេញចូលក្នុង និងក្រៅប្រទេស ហើយលើសពីនេះរដ្ឋាភិបាលចិន បានផ្តល់ជំនួយសាងសង់ផ្លូវល្បឿនលឿនពីខេត្តព្រះស៊ីហនុ មកកាន់រាជធានីភ្នំពេញ ងាយស្រួលក្នុងការដឹកជញ្ជូនចំណាយលុយតិច ចំណេញពេលវេលា ។ លើសពីនេះ កំពង់សោមមានផ្លូវរថភ្លើងងាយស្រួលសម្រាប់ដឹកជញ្ជូនទំនិញផ្សេងៗផងដែរ។
ចំណែកចំណុចទី៣. ខេត្តព្រះសីហនុ គឺជាខេត្តដែលមានឆ្នេរល្អមួយ ក្នុងចំណោមឆ្នេរល្អស្អាតនៅលើពិភពលោក ដែលមានទេសចរជាតិនិងអន្តរជាតិ ចូលទៅលេងទីនោះច្រើនជាងខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ លោកថា ការកើនឡើងថ្លៃខ្ពស់ខ្លាំងកប់ពពក ដូចជាតំបន់អូត្រេះ កាលពីឆ្នាំមុនមានតម្លៃ ៧០ដុល្លារ-៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដល់បច្ចុប្បន្នឡើងថ្លៃជាង៣០០ដុល្លារ ហើយម្តុំតោពីរពីមុនគេអាចទិញបានក្នុងតម្លៃ ៧០០ដុល្លារ-៨០០ដុល្លារ តែបច្ចុប្បន្នឡើងដល់ជាង ២.០០០$ ក្នុងមួយម៉ែត្រការ៉េឯណោះ។
បញ្ហាកើនថ្លៃខ្ពស់នេះ លោកឧកញ៉ា ចេង ខេង ក៏បានសម្តែងក្តីព្រួយបារម្មណ៍ផងដែរដោយថា វាមិនមែនថាឡើងថ្លៃនោះសុទ្ឋតែល្អទេ តែជួនកាលជាចំណុចព្រួយបារម្មណ៍សម្រាប់ប្រជាពលរដ្ឋ។ លោកថា៖ «ជាធម្មតាយើងដឹងហើយថា ប្រជាជនចិនគាត់មក គាត់ធ្វើការវិនិយោគវាល្អសម្រាប់អ្នកមានដីធំៗ ដែលគាត់បានទិញទុកនៅពេលវាធូថ្លៃ ដល់ពេលឥឡូវនេះវាត្រូវប៉ាន់ហើយ សម្រាប់ប្រជាពលរដ្ឋគាត់បានជួលផ្ទះមួយចំនួន ប៉ុន្តែការរកស៊ីទទួលទានរបស់ពលរដ្ឋនឹងមិនសូវបានល្អទេ ដោយសារចិនបើកសណ្ឋាគារទីនោះដែរ ដូច្នេះពេលគេមក គឺស្នាក់នៅសណ្ឋាគាររបស់ពួកគេហើយ »។
សណ្ឋាគារ Royal Sand Koh Rong
សម្រាប់លោកឧកញ៉ា ចេង ខេង ករណីនេះបង្កឱ្យចំណូលពលរដ្ឋធ្លាក់ចុះមួយចំនួន រីឯការសាងសង់របស់អ្នកវិនិយោគជនជាតិចិន ក៍មិនបានអនុលោមទៅតាមប្លង់គោលរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុដែរដែលភាគច្រើន ការសាងសង់ធ្វើទៅតាមការចង់បានរបស់អ្នកវិនិយោគដែលធ្វើឱ្យការរស់នៅក្នុងមូលដ្ឋានជួបការលំបាកដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ ដើម្បីឱ្យការអភិវឌ្ឍន៍បានផលចំណេញទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ចំណែកលោកស្រី តាំង ហួរ ប្រធានក្រុមហ៊ុនអចលនទ្រព្យអមតៈ (AMATAK) មានប្រសាសន៍ដែរថា ការឡើងថ្លៃវិស័យអចលនទ្រព្យទីនោះ ដោយសារក្រុមអ្នកវិនិយោគចិនបានសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗ នៅទីនោះ ដែលជាការចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចពលរដ្ឋនៅក្នុងតំបន់ តាមរយៈការផ្តល់ការងារផ្សេងៗ។ លោកស្រីបញ្ជាក់ថា៖ «ជាធម្មតាទីណាមានអ្នកវិនិយោគចិនទៅច្រើន ទីនោះតែងមានការអភិវឌ្ឍន៍ឆាប់រហ័ស ដូចជា សឹង្ហបូរី ហុងកុង ម៉ាកាវ និងអាមេរិកជាដើម ពេលដែលចិនចូលទៅអភិវឌ្ឍន៍ទីនោះ គឺសេដ្ឋកិច្ចប្រទេសទាំងនោះមានការរីកចម្រើនឆាប់រហ័សខ្លាំង»។
លោកស្រីបញ្ជាក់ថា បច្ចុប្បន្នអាគារស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូមានការរីកដុះដាលយ៉ាងខ្លាំងនៅខេត្តមាត់សមុទ្រ ខណៈដែលទេសចរជាតិនិងអន្តរជាតិ ចូលទៅកម្សាន្តនៅតំបន់មាត់សមុទ្រកាន់តែច្រើនឡើងៗ។ ប៉ុន្តែយ៉ាងណានោះ តម្លៃដីមានសន្ទុះខ្លាំងនៅតំបន់ក្នុងក្រុង និងហៀរចេញមកតាមបណ្តោយផ្លូវជាតិលេខ៤ តែប៉ុណ្ណោះ ។ ចំណែកដីនៅក្រៅក្រុងមិនសូវមានសន្ទុះឡើងថ្លៃខ្ពស់នោះទេ។ យ៉ាងណាក៏ដោយ លោកស្រីអំពាវនាវដល់អាជ្ញាធរខេត្ត ត្រូវមានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ប្រព័ន្ឋលូ ឱ្យបានល្អប្រសើរជាមុន មុននឹងកំណើនប្រជាពលរដ្ឋចូលទៅរស់នៅកាន់តែច្រើនឡើងៗ ជៀសវាងកកស្ទះកើតឡើងនៅពេលអនាគត៕
គម្រូផ្លូវហាយវេនៅបរទេស ដែលនឹងស្ថាបនាសម្រាប់ផ្លូវហាយវេ ពីភ្នំពេញ ទៅ ខេត្តព្រះស៊ីហនុ