Lighthouse Club នឹងរៀបចំព្រឹត្តិការណ៍វាយហ្គោលសប្បុរសធម៌ជាលើកទី៥ នៅខែមីនាខាងមុខ

Lighthouse Club នឹងរៀបចំព្រឹត្តិការណ៍វាយហ្គោលសប្បុរសធម៌ជាលើកទី៥ នៅខែមីនាខាងមុខ
ភ្នំពេញ៖ Lighthouse Club ដែលជាស្ថាប័នសប្បុរសធម៌ក្នុងវិស័យសំណង់លំដាប់ពិភពលោក នឹងរៀបចំព្រឹត្តិការណ៍វាយហ្គោលសប្បុរសធម៌ប្រចាំឆ្នាំ ជាលើកទី៥ របស់ខ្លួន នៅទីលានវាយហ្គោល Garden City Golf Club នៅថ្ងៃ​ទី២២ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ។ សម្រាប់ព្រឹត្តិការណ៍វាយហ្គោលសប្បុរសធម៌ជាលើកទី៥ក្នុងឆ្នាំ២០១៩នេះ Lighthouse Club  កំពុងស្វែងរកដៃគូឧបត្ថម្ភផងដែរ។ តាមរយៈការឧបត្ថម្ភព្រឹត្តិការណ៍នេះ ក្រុមហ៊ុនដៃគូនឹងទទួលបានប្រយោជន៍ពីប្រព័ន្ធទិន្នន័យ និងបណ្ដាញនៃជំនួញឧស្សាហកម្មសំណង់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។   Lighthouse Club ត្រូវបានបង្កើតឡើងនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៦ និងបានចូលមកតំបន់អាស៊ីដំបូងក្នុងឆ្នាំ១៩៨៦ ដោយបង្កើតជាការិយាល័យប្រចាំតំបន់នៅក្នុងទីក្រុងហុងកុង ហើយនៅពេលនេះ Lighthouse Club មានសាខានៅទូទាំងតំបន់អាស៊ាន។ នៅកម្ពុជា Lighthouse Club ត្រូវបានបង្កើតឡើងអស់រយៈពេល ៩ឆ្នាំមកហើយ ដោយគោលបំណងសំខាន់ គឺ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្ស-និស្សិតក្រីក្រ ដែលចង់សិក្សាជំនាញទាក់ទងនិងវិស័យសំណង់ និង ជួយឧបត្តម្ភដល់កម្មករសំណង់ដែលរងគ្រោះថ្នាក់នៅតាមការដ្ឋានសំណង់ទាំងឡាយ ដែលមានបញ្ហាហិរញ្ញវត្ថុ។ ចំណែកគោលបំណងរួមរបស់ Lighthouse Clubវិញ គឺលើកកម្ពស់ភាពស្និតស្នាលចំណោមសមា​ជិកដែលនៅក្នុង ឬចូលរួមជាមួយឧស្សាហកម្មសំណង់ និងផ្ដល់ជំនួយសប្បុរសធម៌ដល់ជនរងគ្រោះពាក់ព័ន្ធនឹងនៅក្នុងឧស្សាហកម្មសំណង់។ គិតមកដល់ពេលនេះ Lighthouse Club បានជួយដល់និស្សិតកម្ពុជាចំនួន ៧រូប ដោយឧបត្ថម្ភថ្លៃសិក្សារបស់ពួកគេ និងផ្ដល់ឲ្យពួកគេនូវកុំព្យុទ័រយួរដៃ និងការចំណាយសម្រាប់ការរស់នៅ។ យុវជនកម្ពុជាទាំងអស់នេះ បានចុះឈ្មោះសិក្សាមុខវិជ្ជាពាក់ព័ន្ធនឹង​វិស័យសំណង់ រួមមានមុខវិជ្ជាក្នុងផ្នែកវិស្វកម្ម និងស្ថាបត្យកម្ម។ បច្ចុប្បន្ន Lighthouse Club អាចរៃអង្គាសប្រាក់ឧបត្ថម្ភនិស្សិតទាំងនោះតាមរយៈព្រឹត្តិការណ៍ជំនួបប្រចាំខែ និងព្រឹត្តិការណ៍វាយហ្គោលប្រចាំឆ្នាំជាដើម៕ សម្រាប់ព័ត៍មានបន្ថែមពាក់ព័ន្ធ និងការចុះឈ្មោះចូលរួមវាយកូនហ្គោក និង​ ឧបត្តម្ភនៅក្នុងកម្មវិធីនេះ សូមទំនាក់ទំនងមក៖ ០១០ ៩៤​៧៦ ៤០/ ០៦០​៨១៥ ​៥១៥,  Email: [email protected]
អត្ថបទដោយ: Chanveasna