ត្រាក់ទ័រកង់បួន Ferrari មកពីអ៊ីតាលី​អាចបំពេញតួនាទីយ៉ាងល្អក្នុងវិស័យកសិកម្ម

ត្រាក់ទ័រកង់បួន Ferrari មកពីអ៊ីតាលី​អាចបំពេញតួនាទីយ៉ាងល្អក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ ត្រាក់ទ័រម៉ាក Ferrari ជាប្រភេទគ្រឿងចក្រកសិកម្មដែលនាំចូលមកពីប្រទេសអ៊ីតាលីដោយក្រុមហ៊ុន Mirco Brothers Machinery។ គ្រឿងចក្រកសិកម្មនេះ  មានច្រើនប្រភេទ ច្រើនទម្រង់ទៅតាមម៉ូឌែលដែលក្រុមហ៊ុនបានរចនាឡើង ធ្វើការបានលឿន មិនប្រើកម្លាំងខ្លាំង សុវត្ថិភាពខ្ពស់ ស៊ីប្រេងតិច ហើយកាន់តែពិសេសទៅទៀតនោះ ត្រាក់ទ័រមួយគ្រឿងនេះអាចជំនួសកម្លាំងពលកម្មមនុស្សយ៉ាងច្រើន។ ត្រាក់ទ័រនេះ មានកង់ទាំង៤ទំហំប៉ុនៗគ្នា តុល្យភាពទម្ងន់មុខក្រោយ អាចបើកឡើងទីចំណោតដោយងាយ ដូចបើកឡាន ជាម៉ាស៊ីនដែលមានកម្លាំងសេសធំ ។ ប៉ុន្តែទទឹងត្រាក់ទ័រត្រឹមតែ ១ម៉ែត្រ ទៅ១.៣ម៉ែត្រ រាងតូច អាចបើកក្នុងចំការចង្អៀតៗ បានដោយងាយ។ មិនតែប៉ុណ្ណោះ នៅក្នុងទីតាំងចង្អៀតៗ វាអាចកាច់បត់ត្រឹមពាក់កណ្តាលតួត្រាក់ទ័របាន ដូចឡានកុងតេន័រ  អាចបង្វិលចង្កូតពីមុខ មកដាក់នៅកន្ទុយក្រោយ ដោយយកកន្ទុយជាចង្កូតវិញ ប្រើឧបករណ៍នានាបានដោយងាយ និងនៅចំពីមុខអ្នកបញ្ជា ដោយមិនចាំបាច់ងាកក្រោយ និងអាចវាយបំបែកដី សម្អាត ហើយអាចកិនកំទេចស្មៅ និងពូនរងដំណាំបានផងដែរ។ លោក Peter Murry អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Mirco Brothers Machinery ដែលបានផលិតត្រាក់ទ័រ Ferrari នេះបាននិយាយថា ត្រាក់ទ័រម៉ូឌែលកង់បួន ត្រូវបានផលិតឡើងសម្រាប់ដំណើរនៅក្នុងកសិដ្ឋាន ចម្ការដំណាំ និងការដាំដុះ ហើយទោះបីជាវាជាប្រភេទម៉ាស៊ីន​ត្រាក់ទ័រកម្រិតទាបក៏ដោយ ក៏ត្រាក់ទ័រនេះនៅតែជួយរក្សាគុណភាពដីបានយ៉ាងល្អ។ លោក​បញ្ជាក់ថា៖"កម្លាំងអូសទាញរបស់ពួកវា គឺមកពីប្រព័ន្ធដំណើរការកង់បួនដែលខុសពីកង់ជំនួយ។ ដូច្នេះវាជួយឱ្យកម្លាំងម៉ាស៊ីនអាចអូសបានជ្រៅទៅនឹងដី"។ សូមបញ្ជាក់ផងដែរថា ត្រាក់ទ័រ Ferrari ជាផលិតផលគ្រឿងចក្រកសិកម្មអ៊ីតាលី និងមានការចែកចាយនៅលើទីផ្សារសហភាពអឺរ៉ុប ហើយបាននាំចូលមកកម្ពុជាតាំងពីឆ្នាំ២០១១ ដោយក្រុមហ៊ុន អង្គរហ្គ្រីន ដែលជាក្រុមហ៊ុនផ្តោតលើវិស័យកសិកម្មនៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ នាំចូលត្រាក់ទ័រ និងគ្រឿងយន្តកសិកម្មទំនើបៗមកពីប្រទេសអ៊ីតាលី និងបណ្តាប្រទេសជឿនលឿនមួយចំនួនទៀត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បាននាំចូលបច្ចេកទេសនៃការដាំដុះ រួមមាន ជី-ថ្នាំកសិកម្មដែលមានគុណភាពខ្ពស់ (ទាំងថ្នាំកសិកម្ម និងជី-ថ្នាំធម្មជាតិ/ភ្នាក់ងារជីវៈសាស្ត្រ) ប្រព័ន្ធស្រោចស្រពទំនើបមកពីប្រទេសអ៊ីស្រាអែល និងបង្រៀនបច្ចេកទេសផលិតចំណីសត្វដល់កសិករផងដែរ៕
អត្ថបទដោយ: Rath