ភ្នំពេញ: គម្រោងផ្លូវដែកមេកម្ពុជាចំនួន២ខ្សែរ ដែលទិសខាងជើងមានប្រវែង ៣៨៦គីឡូម៉ែត្រ និងខាងត្បូងប្រវែង ២៦៦គីឡូម៉ែត្រ កំពុងស្វែងរកដៃគូរវិនិយោគ ខណៈដែលផ្លូវដែកនៅស្ថានីយបាត់ដំបង ទិសទៅប៉ោយប៉ែតសំរេចបាន ១០០ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរបាយការណ៍បូកសរុបសមិទ្ធិផលប្រចាំឆ្នាំ ២០១៨ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលបានបង្ហាញនៅថ្ងៃទី ១០មករានេះថា គម្រោងផ្លូវដែកមេកម្ពុជាទាំង២ខ្សែរនេះ ដែលមានប្រវែងសរុបជាង៦០០គីឡូម៉ែត្រ កំពុងស្វែករកថវិកាវិនិយោគ ដើម្បីតភ្ជាប់ទៅបណ្ដាញផ្លូវដែកកម្ពុជាទាំងនេះ ជាមួយបណ្ដញផ្លូវដែកប្រទេសជិតខាង ជាពិសេសផែនការមេផ្លូវដែកសាំងហ្គាពួរ-គួនមីញ។

របាយការណ៍បន្តថា ផ្លូវដែកមួយខ្សែរទៀត ក៏បាននឹងកំពុងស្វែងរកការវិនិយោគសាងសង់បណ្ដាញផ្លូវដែកថ្មីៗដែរ ដូចជាផ្លូវដែកល្បឿនលឿនពីខេត្តសៀមរាប មកភ្នំពេញ និងពីភ្នំពេញ ទៅបាវិតផងដែរ។ ចំណែកសមិទ្ធិផលដែលក្រសួងសម្រេចបាននៅឆ្នាំ ២០១៨នេះ គឺបានសាងសង់ និងបើកឲ្យប្រើប្រាស់ផ្លូវដែកពីស្ថានីយធំរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្រាប់អ្នកដំណើរ។
ក្នុងនោះដែរ ក្រសួងបាននឹងកំពុងសាងសង់បណ្ដាញផ្លូវដែកតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែកកម្ពុជា-ថៃ។ បន្ថែមលើនេះ ក្រសួងក៏បាននឹងកំពុងសិក្សាលទ្ធភាពសាងសង់ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិកម្ម (AGT) នៅរាជធានីភ្នំពេញ ដោយមានជំនួយពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ពាក់ព័ន្ធនឹងគម្រោងទាំងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណាការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកភាគខាងជើងនឹងជួយជំរុញការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារក្នុងតំបន់ ពិសេសការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ។
ឯកឧត្តមបន្តថា ប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ និងចំណាយតិច កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថា្នក់ចរាចរណ៍ ការខូចផ្លូវថ្នល់ ដែលបណ្តាលមកពីការដឹកធ្ងន់លើសទម្ងន់ និងផ្ដល់ជម្រើសប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនទៀតផង៕