គិតត្រឹមដើមខែឧសភាកំពង់ផែខេត្តកំពតសម្រេចបានលទ្ធផលប្រមាណ ៣០ភាគរយហើយ

គិតត្រឹមដើមខែឧសភាកំពង់ផែខេត្តកំពតសម្រេចបានលទ្ធផលប្រមាណ ៣០ភាគរយហើយ

កំពត៖ កំពង់ផែខេត្តកំពតគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការវិនិយោគ បម្រើនៅក្នុងវិស័យទេសចរណ៍ បង្កើនសក្ដានុពលខេត្ត ដែលជាផែនការរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីសម្រេចឲ្យបាននៅដើមឆ្នាំ២០២១ ពេលនេះសម្រេចបានប្រមាណ ៣០ភាគរយហើយ។

នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដោយបានលើកឡើងថាគិតត្រឹមដើមខែ ឧសភា ឆ្នាំ២០២០ នេះ កំពង់ផែខេត្តកំពតស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត សម្រេចបានលទ្ធផលប្រមាណ ៣០ភាគរយហើយ។

លោកបានបញ្ជាក់ថា កំពង់ផែមួយនេះគឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបម្រើនៅក្នុងវិស័យទេសចរណ៍បន្ថែមពីលើសក្ដានុពលដែលមានស្រាប់ ដែលក្នុងនោះមានតំបន់រមណីយដ្ឋានសរុបចំនួន១៧ សហគមន៍ទេសចរណ៍ចំនួន៤ និងតំបន់គោលដៅទាក់ទាញទេសចរណ៍ចំនួន៤។

សូមបញ្ជាក់ថាខេត្តកំពតមានកំពង់ផែចំនួន៤ ទី១.កំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២.កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣.កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ។ និងទី៤.គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន៕

អត្ថបទដោយ: Nary