គម្រោងធំៗ៤ជាជំនួយរបស់ជប៉ុនកំពុងដំណើរសាងសង់ និងជួសជុលឲ្យកម្ពុជា

គម្រោងធំៗ៤ជាជំនួយរបស់ជប៉ុនកំពុងដំណើរសាងសង់ និងជួសជុលឲ្យកម្ពុជា
ភ្នំពេញ: គម្រោងធំៗចំនួន ៤ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ពាក់ព័ន្ធ​នឹង​ការសាងសង់ ជួសជុល​ផ្លូវ និង​ស្ពាន​នៅក្នុង​ប្រទេស​កម្ពុជា បាន​នឹង​កំពុងដំណើរការ ដោយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ការដ្ឋាន​ជួសជុល​ផ្លូវ​នេះ​សុំ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។ តាម​របាយការណ៍​រប​ស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បានបង្ហាញ​កាលពី​ថ្ងៃទី ១០មករា​នេះ​ថា គម្រោង​ហិ​រ​ញ្ញា​ប្ប​ទាន​សហ​ប្រតិ​ប​ត្ត​ការ​ជាមួយ​ប្រទេស​ជប៉ុន​មាន៤គម្រោង រួមមាន៖ គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ ក្រា​ល​កៅស៊ូ AC ប្រវែង ៨៤,៧៤គីឡូម៉ែត្រ (បាត់ដំបង ដល់​សិរីសោភ័ណ)សម្រេចបាន ៣១,៣៥ភាគរយ។ របាយការណ៍​បន្តថា គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ក្រាល​កៅស៊ូ AC ប្រវែង ១៣៥,២៥គីឡូម៉ែត្រ(ព្រែក​ក្ដាម ដល់​ធ្លា​ម្អម)សម្រេចបាន ២,៧៥ភាគរយ។ គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វារ​កម្ពុជា-ជប៉ុន ប្រវែង ១.០៨០​ម៉ែត្រ សម្រេចបាន ៩០,៥០ភាគរយ។ គម្រោង​សាងសង់​ស្ពាន​ចំនួន ៧ ប្រវែង​សរុប ៤.០៩៤ម៉ែត្រ នៅ​តំបន់​ប្រឈម​គ្រោះទឹកជំនន់ (ផ្លូវជាតិ​លេខ ៧៣ ចំនួន ៥ស្ពាន ប្រវែង ២ ៦៨៩ម៉ែត្រ និង​ផ្លូវជាតិ​លេខ ១១ ចំនួន២ស្ពាន ប្រវែង ១.៤០៥ម៉ែត្រ)។ ក្នុងអំឡុងពេល​ជួសជុល​ផ្លូវ​នេះ លោក Hidehisa Haronouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​តែងតែ​ចេញ​វីដេអូខ្លីៗ និយាយ​ជា​ភាសា​ខ្មែរ អំពី​សមិទ្ធផល និង​គម្រោង​នានា​ដែល​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ (JICA) ផ្ដល់ជំនួយ​មក​កម្ពុជា។ ដោយឡែក​កាលពីថ្មីៗនេះ លោក​បានចេញ​វីដេអូ​ប្រមាណ៦០វិនាទី ពី​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ៥ ពី២គន្លង​ទៅ៤គន្លង ចាប់ពី​ព្រែក​ក្ដាម រហូតដល់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក​ថ្លែងថា៖«ឥឡូវនេះ ជប៉ុន​កំពុងធ្វើការ​ជួសជុល​ផ្លូវជាតិ​លេខ៥ ការជួសជុល​នេះ នឹង​ពង្រីក​ផ្លូវ​ជា៤គន្លង ចាប់ពី​ព្រែក​ក្ដាម ទៅដល់​ប៉ោយប៉ែត អំឡុងពេល​ជួសជុល​ដល់​ឆ្នាំ ២០២២ យើង​នឹង​បិទ​ចរាចរណ៍ នៅលើ​កំណាត់​ផ្លូវ មួយ​ចំនួន សូម​លោក លោកស្រី​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៥ មេ​ត្ដា​យោគយល់ និង​អធ្យាស្រ័យ ព្រមទាំង​យក​ចិត្ត​ទុក​ដាក់ ជាមួយ​ស្លាក​សញ្ញា​ចរាចរ និង​ស្ថានភាព​ផ្លូវ​ឲ្យ​បាន​ខ្ពស់ជាង​មុន ដើម្បី​ទទួលបាន​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិ​ភា​ព​»៕
អត្ថបទដោយ: Koemsoeun