CMA ៖ អតិថិជនប្រមាណ១១ម៉ឺននាក់ដាក់ពាក្យស្នើសុំការពន្យារការសងប្រាក់ ដោយរងផលប៉ះពាល់ពី កូវីដ១៩

CMA ៖ អតិថិជនប្រមាណ១១ម៉ឺននាក់ដាក់ពាក្យស្នើសុំការពន្យារការសងប្រាក់ ដោយរងផលប៉ះពាល់ពី កូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានអះអាងថា អតិថិជនដែលខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុប្រមាណ ១១ម៉ឺននាក់ ទូទាំងប្រទេសបានដាក់ពាក្យស្នើសុំការពន្យារការសងប្រាក់ ឬរៀបចំកម្ចីឡើងវិញ ខណៈពួកគេលើកឡើងពីការទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោក កាំង តុងងី អ្នកនាំពាក្យ CMA លោកថ្លែងថា តួលេខនៃការស្នើសុំប្រមាណ ១១ ម៉ឺននាក់នេះ គឺជាតួលេខគិតត្រឹមថ្ងៃសុក្រ ទី ៨ ខែឧសភា ប៉ុណ្ណោះ ក្នុងចំណោមអតិថិជនសរុបប្រមាណជាង ២លាននាក់។ តួលេខនៃអ្នកស្នើសុំអាចកើនឡើងថែមទៀត។ លោកបន្តថា ក្នុងចំណោមអ្នកដែលបានដាក់ពាក្យស្នើសុំពន្យារ ឬរៀចំកម្ចីឡើងវិញនោះមានប្រមាណ ៩០ភាគរយ ទទួលបានការយល់ព្រមអនុគ្រោះពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមការស្នើសុំ និងស្របតាមស្ថានភាពនៃការប៉ះពាល់ពីជំងឺកូវីដ ១៩។

គួររំលឹកថាកាលពីខែមីនាធនាគារជាតិ បានចេញសារាចរណែនាំស្ដីពីការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលរងផលប៉ះពាល់នៃការរាលដាលជំងឺកូវីដ ១៩។ ក្នុងនោះធនាគារជាតិឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយកចិត្តទុកដាក់លើអតិថិជនពីវិស័យចំនួន៤ រួមមាន៖ ទេសចរណ៍ កាត់ដេរ សំណង់ និងដឹកជញ្ជូន និងបានដាក់ចេញនូវលក្ខខណ្ឌដែលត្រូវពិចារណា។

សូមបញ្ជាក់ថាកន្លងមកបានស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដូចជាការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនចាប់ពីពេលនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ខណៈពួកគាត់ពុំមានលទ្ធភាពបង់ថ្លៃតាមតម្រូវការបានដោយសារជួបវិបត្តិសេដ្ឋកិច្ចពេលប្រឈមនឹងវីរុសកូវីដ-១៩៕


 

អត្ថបទដោយ: Nary