កំពត៖ ប្រតិភូវិនិយោគិនចិនបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈពិសេសរបស់ខេត្តកំពត និងមានគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ នេះបើតាមការបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពត ក្រោយជំនួបរវាងលោក ជាវ តាយ អភិបាលខេត្តកំពត និងប្រតិភូវិនិយោគចិន នៅសាលប្រជុំសាលាខេត្តកំពត កាលពីចុងសប្ដាហ៍មុន។
អំឡុងជំនួបនោះ លោកអភិបាលខេត្តកំពតបានស្វាគមន៍ប្រតិភូចិន និងបង្ហាញពីសក្តានុពលដ៏ល្អរបស់ខេត្តកំពត ពិសេសធនធានធម្មជាតិ រ៉ែធម្មជាតិ តំបន់ភ្នំ ប្រព័ន្ធគមនោគមន៍ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវរថភ្លើង កំពង់ផែ មានភូមិសាស្ត្រជាប់ជាមួយខេត្តព្រះសីហនុ និងប្រទេសវៀតណាម ដែលសុទ្ធតែជាបរិស្ថានល្អអំណោយផលដល់ការវិនិយោគ។
ចំណែកលោកតំណាងប្រតិភូវិនិយោគិនចិនវិញ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះលក្ខណៈពិសេសរបស់ខេត្តកំពត និងមានគម្រោងវិនិយោគរថភ្លើងល្បឿនលឿន ភ្នំពេញ-កំពត ដោយប្រើថាមពលពន្លឺព្រះអាទិត្យ។
លោកអភិបាលខេត្ត បានសម្តែងការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាជាមុនសិនលើការសិក្សាទីតាំង និងចំនួនផ្លូវរថភ្លើង ដើម្បីជាមូលដ្ឋានក្នុងកិច្ចប្រជុំពិភាក្សានាពេលខាងមុខ។ លោកបន្ថែមថា រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចដើម្បីផ្តល់កិច្ចសហការល្អជាមួយភាគីចិន ជម្រុញឲ្យគម្រោងវិនិយោគដំណើរការតាមផែនការ។
គួររម្លឹកថា អំឡុងពេលទទួលស្វាគមន៍គណៈកម្មការទី១០ នៃព្រឹទ្ធសភាជាតិ នៅសាលប្រជុំសាលាខេត្តកំពត កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ លោកអភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងបង្កើតឲ្យមានផ្លូវរថភ្លើងប្រភេទល្បឿនលឿនសម្រាប់ធ្វើដំណើរភ្នំពេញ-កំពត ដែលប្រើរយៈពេលប្រហែលមួយម៉ោងប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពតក៏នឹងធ្វើព្រលានយន្តហោះថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក និងភ្ញៀវក្រៅស្រុកដូចបណ្ដាប្រទេសជិតខាងដែរ។ លោកបញ្ជាក់ថា គម្រោងនេះត្រូវចំណាយថវិកាប្រមាណ ៥០លានដុល្លារ។
សូមបញ្ជាក់ថា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News អំឡុងពេលដាក់ដំណើរការសាកល្បងកំណាត់ផ្លូវដែកពីសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តបាត់ដំបង កាលពីចុងខែមេសា ២០១៨ កន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) បានសិក្សារួចហើយលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែ គឺផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ហើយបន្ដរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង។ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានថវិកាសម្រាប់សាងសង់នៅឡើយទេ គឺរងចាំការវិនិយោគពីវិស័យឯកជន៕